ជីវប្រវត្តិយុវជនជនជាតិទំពួនម្នាក់ មកពីសហគមន៍ដាច់ស្រយាល តស៊ូរៀនរហូតបានធ្វើការនៅក្រៅប្រទេស
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក
លោក ប៊ុន រិទ្ធី មានអាយុ៣០ឆ្នាំ ជាជនជាតិដើមទំពួន រស់នៅក្នុងភូមិឡាប៉ូ ឃុំយក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកមានបងប្អូនចំនួនប្រាំមួយនាក់ ដោយរិទ្ធីជាកូនទីប្រាំនៅក្នុងគ្រួសារ។ រិទ្ធីបានរៀបរាប់ពីប្រវតិ្តខ្លះៗ កាលរូបលោករៀននៅថ្នាក់បឋមសិក្សា ដោយកាលនោះ លោកបានប្រាប់ថានៅពេលព្រឹកលោកបានទៅសិក្សាហើយពេលរសៀលលោកបានទៅជួយឳពុកម្ដាយធ្វើចំការដោយ សាតែគ្រួសារមានជីវភាពលំបាកមិនសូវជាធូធារ ដែលតម្រូវឱ្យរិទ្ធីឆ្លៀតពេលពីការសិក្សាជួយគ្រួសារ ហើយពេលល្ងាច រិទ្ធីបានឆ្លៀពេលចូលរៀនភាសាអង់គ្លេសមួយម៉ោងទៅពីរម៉ោងបន្ថែមទៀត។ រហូតដល់ថ្នាក់អនុវិទ្យាល័យ រិទ្ធីអាចប្រើប្រាស់ អាចនិយាយ និងសន្ទនាជាភាសាអង់គ្លេសបាន រិទ្ធីក៏អាចធ្វើជាអ្នកបកប្រែពេលមានភ្ញៀវបរទេស មកទស្សនាតំបន់នានាក្នុងខេត្តរតនគិរីបានទៀតផង។ ការធ្វើជាអ្នកបកប្រែបែបនេះ វាជួយសម្រាលបានមួយផ្នែកក្នុងការផ្គត់ផ្គង់ការសិក្សារបស់ខ្លួនបានមួយកម្រិតថែមទៀត។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចម្បងទៀតនោះ គឺមិនមានមធ្យោបាយសម្រាប់ធ្វើដំណើរទៅរៀន ដោយពេលខ្លះត្រូវអវត្តមានថែមទៀតផង។ ឈានចូលទៅដល់ថ្នាក់វិទ្យាល័យ រិទ្ធីអាចផ្គត់ផ្គង់ខ្លួនឯងបាន ដោយសាតែខ្លួនមានជំនាញទន់តាំងពីដើមមក ហើយរិទ្ធីបានឆ្លៀតពេលពីការសិក្សាមកធ្វើការងារក្រៅម៉ោង ដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់ការសិក្សាជាបន្តបន្ទាប់។

រូបភាព លោក ប៊ុន រិទ្ធី ថតនៅអំឡុងកម្មវិធីផ្លាស់ប្ដូរការសិក្សា YSEALI នៅសហរដ្ឋអាមេរិក ឆ្នាំ ២០១៨(រូបភាព៖ ប៊ុន រិទ្ធី)

រូបភាព លោក ប៊ុន រិទ្ធី ថតនៅអំឡុងកម្មវិធីផ្លាស់ប្ដូរការសិក្សា YSEALI នៅសហរដ្ឋអាមេរិក ឆ្នាំ ២០១៨(រូបភាព៖ ប៊ុន រិទ្ធី)
២. ការផ្លាស់ប្ដូមកទីក្រុងភ្នំពេញ
នៅកំឡុងការសិក្សានៅថ្នាក់អនុវិទ្យា- ល័យ និងនៅថ្នាក់វិទ្យាល័យ រិទ្ធីបានមានគម្រោងមកបន្តការសិក្សា នៅភ្នំពេញរួចទៅហើយ ដូច្នេះពេលដែលខ្លួនរៀបនឹងបញ្ចប់ថ្នាក់វិទ្យាល័យភ្លាម ក៏ចង់ចាប់ផ្ដើមទៅសិក្សានៅទីក្រុងភ្នំពេញ ប៉ុន្តែគ្រួសាររបស់លោកមិនបានគាំទ្រនោះទេ ព្រោះមិនមានថវិកាដើម្បីផ្ដល់ឱ្យរិទ្ធីសិក្សាបន្តថ្នាក់បរិញ្ញាបត្រ។ ទោះបីជាយ៉ាងណាក៏ ដោយ រិទ្ធីបានសម្រេចចិត្តតាមក្តីស្រម៉ៃរបស់ខ្លួនក្នុងការជ្រើសយកការសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ នៅរាជធានីភ្នំពេញ ដោយមានការគាំទ្រកន្លែងស្នាក់នៅពី ស.យ.ជ.ក និងដោយសាតែរិទ្ធីធ្លាប់ជាសិស្សស្ថានទូតអាមេរិក (បានបញ្ចប់ការសិក្សា ជាសិស្សស្ថានទូតអាមេរិករយៈពេលពីរឆ្នាំ) ហើយរិទ្ធីបានចូលរៀនវគ្គសិក្សាខ្លីៗជាមួយស្ថានទូតអាមេរិកពាក់ព័ន្ធជាមួយវគ្គជំនាញទន់ និងវគ្គជំនាញភាពជាអ្នកដឹកនាំ។ ចាប់ពីពេលនោះមក រិទ្ធីចាប់ផ្តើមមានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយស្ថានទូតអាមេរិក និងស្ថាប័នផ្សេងទៀត និងដោយសមត្ថភាពរបស់រិទ្ធីផង គាត់ក៏ទទួលបានឱកាសធ្វើការងារល្អ ទទួលបានប្រាក់ខែ សមរម្យ។ទាំងអស់នោះហើយវាគឺជាអ្វីដែលរិទ្ធីបានរំពឹងទុកមុនពេលមកដល់ភ្នំពេញ ថាខ្លួនអាចធ្វើបាន និងជាជំហានដ៏សំខាន់ក្នុងការផ្គត់ផ្គង់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់
គេ។

សកម្មភាពចែករំលែកអំពីសិទ្ធិជនជាតិដើមភាគតិចដល់យុវជន នៅសហគមន៍បឹងយក្ខឡោម ខេត្តរតនគិរី។
៣. ការទទួលបានការគាំទ្រពី ស៊ីយ៉ា
រិទ្ធីបានក្លាយជាសមាជិកស៊ីយ៉ាតាំងពីលោកចូលរួមជាមួយសកម្មភាពនានា ដែលរៀបចំឡើងដោយស៊ីយ៉ានៅក្នុងខេត្តរតនគិរីកំឡុងឆ្នាំ២០១៣។ លោកបានស្នាក់នៅផ្ទះស៊ីយ៉ានៅភ្នំពេញ កំឡុងឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៧ ស្នាក់នៅផ្ទះសមាគមបានបីឆ្នាំ។ រិទ្ធីបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៩។ រិទ្ធីបានបន្ថែមទៀតថា សម្រាប់ការមកដល់ទីក្រុងភ្នំពេញ ការលំបាកនិងបញ្ហាប្រឈមមានច្រើន ដោយសារខ្លួនជាអ្នកស្រែចំការដូច្នេះការមករស់នៅភ្នំពេញ គឺមិនស្គាល់ពីទីតាំងភូមិសាស្ត្រ និងរបៀបរបបរស់នៅទីក្រុងភ្នំពេញ មួយវិញទៀត ពិបាកបន្សាំខ្លួនទៅនឹងបញ្ហាបរិស្ថាន ភាពអ៊ូអរនៅទីក្រុង ដែលសម្បូទៅដោយធាតុអាកាសពុលដែលពិបាកដកដង្ហើម។ អ្វីដែលសំខាន់នោះគឺបញ្ហាសេដ្ឋកិច្ច គ្រួសារមានជីវភាពខ្វះខាតលំបាក ខ្វះថវិការសម្រាប់ចាយវាយ ឬតម្រូវការផ្សេងៗចាំបាច់។
លោកបានបញ្ជាក់ថាកំឡុងឆ្នាំទីមួយលោកមិនបានធ្វើការនោះទេ ព្រោះមិនទាន់ស្គាល់ភ្នំពេញច្បាស់ និងចង់ផ្ដោតទៅលើការសិក្សាឱ្យបានច្រើនសិន មួយវិញទៀត ការងាភាគច្រើនសុទ្ធតែពេញម៉ោងនិងពិបាករកការងាក្រៅម៉ោងណាស់ ដូច្នះរិទ្ធីបានសុំយោបល់ពីរៀមច្បងស្នាក់នៅផ្ទះសមាគមជាមួយគ្នា ពួកគាត់ក៏បានឱ្យយោបល់ទៅរិទ្ធីថារិទ្ធីគួរចាំធ្វើការនៅឆ្នាំទីពីរវិញល្អជាង។ ដូច្នះហើយទើបឈានចូលឆ្នាំទីពីរ ទើបរិទ្ធីបានចាប់ផ្ដើមធ្វើការងាជាគ្រូភាសាអង់គ្លេសក្រៅម៉ោងនៅសាលាឯកជនមួយ ដើម្បីផ្គត់ផ្គង់ជីវភាពនិងការរៀនសូត្ររបស់ខ្លួន។
លោកបានបញ្ចាក់បន្ថែមទៀតថា សម្រាប់ការស្នាក់នៅស៊ីយ៉ា មិនត្រឹមតែផ្តល់ឱ្យសម្រាប់ការស្នាក់នៅនោះទេប៉ុន្តែ ក៏មានរៀមច្បងដែលពួកគាត់ចាំជួយយើង ជាយោបល់ ជាគំនិតដល់យើង នៅពេលជួបបញ្ហាណាមួយដែលយើងត្រូវការពួកគាត់ឱ្យជួយផងដែរ។
៤. ការផ្លាស់ប្តូរបស់និស្សិត
នៅកំឡុងឆ្នាំ២០១៨ ពេលដែលរិទ្ធីឈប់ស្នាក់នៅស៊ីយ៉ា និងបានទៅស្នាក់នៅផ្ទះជួលជាមួយរៀមច្បង រយៈពេលមួយឆ្នាំ ដោយទុកឱកាសកន្លែងស្នាក់នៅឱ្យប្អូនៗចូលស្នាក់នៅបន្តទៀត។ ការផ្លាស់ប្តូរសម្រាប់របស់រិទ្ធីមានច្រើនក្រោយពីបានមកស្នាក់នៅផ្ទះស៊ីយ៉ា ដែលការផ្លាស់ប្ដូរទីមួយគឺបានផ្លាស់ប្ដូរផ្នត់គំនិត ការគិត ដោយសាតែរិទ្ធីធ្វើការក៏ដូចជារស់នៅជាមួយជន ជាតិដើមភាគតិច ដូច្នេះបានធ្វើឱ្យរិទ្ធីមានឆន្ទៈនៅក្នុងការជួយដល់ជនជាតិដើមភាគតិចខ្លួនឯង នៅពេលដែលយើងបានរៀនចប់ នេះជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់រិទ្ធី។
លោករិទ្ធីក៏បានបន្ថែមថា ការផ្លាស់ប្ដូរបស់លោកសំខាន់ៗគឺបានមកពីការចូលរួមកត្តាផ្សេងៗ ដូចជា លក្ខណៈសហគមន៍ នៅសាកលវិទ្យាល័យ ហើយមួយទៀត ការស្នាក់នៅផ្ទះស៊ីយ៉ា និងការចូលរួមជាមួយស៊ីយ៉ា ដែលបានជះឥទ្ធិពលខ្លាំងដល់ការផ្លាស់ប្ដូរ

សកម្មភាពផ្តល់វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវដល់សមាជិកស៊ីយ៉ា នៅភ្នំពេញ។ ថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥
របស់រិទ្ធី តាមរយៈការចូលរួមចុះទៅតាមសហគមន៍ វគ្គបណ្តុះបណ្តាលផ្សេងៗបានយល់ដឹងពីសិទ្ធិជនជាតិដើមភាគតិចកាន់តែច្រើន។ រិទ្ធីបាននិយាយទៀតថា សម្រាប់ការគាំទ្ររបស់ស៊ីយ៉ា គឺវាពិតជាមានសារៈសំខាន់មែនទែន ដោយសាជាកន្លែងមួយ ដែលបណ្តុះបណ្តាលយុវជន ហើយថែមទាំងដឹកនាំដោយយុវជន ដូចច្នេះគាត់អាចយល់ដឹងពីតម្រូវការរបស់យុវជន ហើយក៏ជាបណ្ដុំនៃអ្នករៀនសូត្រអ្នកចេះដឹង ហើយជាកន្លែងមួយដែលអាចថែរក្សានូវវប្បធម៌ និងសិក្សាអំពីជនជាតិដើមភាគតិច និងការជួយគ្នាទៅវិញទៅមក។ ហើយមួយវិញទៀត ស៊ីយ៉ាក៏បានជម្រុញ និងលើកទឹកចិត្តឱ្យយុវជនខិតខំសិក្សារៀនសូត្រ ព្រមទាំងផ្តល់កន្លែងស្នាក់នៅសម្រាប់យុវជនមកសិក្សាបន្តនៅទីក្រុងភ្នំពេញផងដែរ។
លោករិទ្ធីបានបន្តថា ការគាំទ្ររបស់ស៊ីយ៉ាបាន ជួយឱ្យសិស្សនិស្សិតយកឈ្នះនៅរាល់ឧបសគ្គផងដែរ ដែលស៊ីយ៉ាបានផ្ដល់ព័ត៌មានអំពីអាហារូបករណ៍ ទាំងអស់នេះហើយបានជម្រុញ និងលើកទឹកចិត្តយុវជនឱ្យមកបន្តការសិក្សា នេះក៏ជាការបើកផ្លូវឱ្យពួកគាត់ផងដែរ។ មួយវិញទៀត ព័ត៌មានមួយចំនួនមិនបានផ្សព្វផ្សាយទៅដល់តំបន់ដាច់ស្រយាលនៅឡើយទេ ដូច្នេះបើយើងផ្ដល់ឱ្យពួកគាត់ នោះច្បាស់ណាស់ពួកគាត់និងទទួលបានវា ហើយមានចិត្តចង់មកបន្តការសិក្សានៅសាកលវិទ្យាល័យ។
សព្វថ្ងៃនេះលោករិទ្ធីកំពុងធ្វើការនៅកម្រិតអន្តរជាតិមួយនៅទីក្រុងឈៀងម៉ៃ ប៉ុន្តែដោយសារស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លោកបានប្ដូរទីកន្លែងធ្វើការនៅទីក្រុងភ្នំពេញវិញ។

សកម្មភាពបណ្ដុះបណ្ដាលសហគមន៍ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច នៅឆ្នាំ២០២៥(រូបភាព៖ ប៊ុន រិទ្ធី)
៥. ឥទ្ធិពលនឹងចក្ខុវិស័យនាពេលអនាគត
ជាទស្សនៈវិស័យរបស់រិទ្ធី លោកចង់ឃើញយុវជនជនជាតិដើមភាគតិចនៅកម្ពុជា បានចូលសិក្សារៀនសូត្របានកាន់តែច្រើនឡើងៗ ចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា នៅច្រើនឆ្នាំខាងមុខទៀត និងសម្រាប់សហគមន៍ គឺចង់ឃើញសិទ្ធិជនជាតិដើម ភាគតិចត្រូវបានលើកកម្ពស់ និងមានការគោរព។ មួយវិញទៀត ចង់ឃើញជនជាតិដើមភាគតិចមានការចូលរួមរាល់ក្នុងដំណើរការតាក់តែងគោលនយោបាយរួមទាំងការអភិវឌ្ឈដែលពាក់ព័ន្ធទៅនិងជនជាតិដើមភាគតិច និងចង់ឱ្យមានការចូលរួមសម្រេចចិត្តពីជនជាតិដើមភាគតិចផងដែរ។

Previous Post
Next Post