១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក
ស៊ុយ សានិត ជាជនជាតិដើមភាគតិចគ្រឹង មានអាយុ៣៥ឆ្នាំលោករស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី។ លោកមានបងប្អូនចំនួន៤នាក់ លោកជាកូនច្បងគេបង្អស់នៅក្នុងគ្រួសារ។ លោកបានចូលរៀននៅថ្នាក់សាលាបឋមសិក្សាឡាបាន សៀក ខេត្តរតនគិរី នៅក្នុងឆ្នាំ២០០០។ សានិតបានមើលឃើញថាសម្រាប់រូបលោក នឹងយុវជនជនជាតិដើមភាគតិចជំនាន់នោះ មិនសូវទទួលបានការអប់រំទេ ដោយសារតែកត្តាជាច្រើនដែលពាក់ព័ន្ធជាមួយនិងមធ្យោបាយសម្រាប់ធ្វើដំណើរមានការពិបាក ជាពិសេសបញ្ហាសេដ្ឋកិច្ចគ្រួសារមិនសូវជាធូធារ និងមិនមានលទ្ធិភាពឱ្យកូនសិក្សារៀនសូត្រ ស្របជាមួយគ្នានោះ លោកមិនមានសូម្បីតែមធ្យោបាយសម្រាប់ធ្វើការដំណើរទៅសាលា។ សានិតបានបន្ថែមទៀតថា ឪពុកម្ដាយមួយចំនួនមិនសូវយល់ដឹងអំពីសារៈសំខាន់នៃការអបរំទេ នេះក៏ជាបញ្ហាមួយដែលសិស្សជនជាតិដើមភាគតិចមួយចំនួន ពួកគាត់ឈប់រៀនតាមតែចិត្តគាត់ខ្លួនឯង ប៉ុន្តែសម្រាប់សានិតទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏សានិតនៅតែតស៊ូខំប្រឹងប្រែងសិក្សារៀនសូត្ររហូតខ្លួនបានបញ្ចប់ថ្នាកបឋមសិក្សា។ ឈានចូលដល់ថ្នាក់អនុវិទ្យាល័យ

(រូបភាពជុំមិត្តវិទ្យាល័យ)
នឹងថ្នាក់វិទ្យាល័យវិញ គឺជាឆ្នាំដែលសានិតជួបបញ្ហាធំបំផុត ដោយម្ដាយសានិតបានទទួលមរណៈភាព មិនតែប៉ុណ្ណោះទេឪពុករបស់លោកក៏មានពិការភាពថែមទៀត។ ម្ដាយសានិតគឺជាអ្នកស្វែងរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗ ជាពិសេសក្នុងការសិក្សារៀនសូត្ររបស់លោក។សានិតបានប្រាប់ទៀតថា កំឡុងសានិត រៀនថ្នាក់ទី៩ ផ្ទះសានិតត្រូវបានភ្លើងឆេះ ពេលនោះសូម្បីតែខោអាវ របស់របរប្រើប្រាស់មួយចំនួនក៏មិនសល់ដែរ សល់តែខោអាវដែលនៅនិងខ្លួនមួយតែប៉ុណ្ណោះ។ គ្រួសារសានិត បានផ្លាស់ប្ដូរទីកន្លែងជំរក ដោយបានសុំផ្ទះបងប្អូន ដើម្បីស្នាក់នៅបណ្តោះអាសន្ន ដើម្បីអាចធ្វើផ្ទះដែលបានឆេះនោះឡើងវិញ។ បន្ទាប់មកទៀត សានិតបានសម្រេចចិត្តសិក្សាផង ធ្វើការ ផងដោយបានធ្វើនំបញ្ចុកឱ្យគេលក់ពេល ខ្លះគេជួលឱ្យឡើងបេះផ្លែដូង ឬធ្វើការងារផ្សេងៗទៀត ឱ្យតែមានការងារធ្វើសានិតតែងតែធ្វើដើម្បី អាចរកប្រាក់ ជួយខ្លួនឯង នឹងគ្រួសារបានខ្លះ។ ដោយការព្យាយាម និងចូលចិត្តការសិក្សា សានិតបានបង្កើតជាវគ្គ សិក្សាដែលសា និតជាអ្នកបង្រៀនផ្ទាល់ ដូចជាមុខវិជ្ជាអង់គ្លេស រូបវិទ្យា និងគណិតវិទ្យា ទៅដល់មិត្តភក្តិ នឹងយុវជនជនជាតិដើម ភាគតិចរហូតបានបញ្ចប់ ថ្នាក់អនុវិទ្យាល័ យនឹងវិទ្យាល័យដោយបានប្រឡងជាប់និទេស B ។ សានិតបានស្គាល់ស៊ីយ៉ានៅកំឡុងឆ្នាំ២០១១ ដែលកាលនោះ ស៊ីយ៉ាបានទៅចងក្រងយុវជន ក៏ដូចជាបង្កើតជាវគ្គសិក្សាខ្លីៗ ទាក់ទងទៅនិងយុវជន ដែលជាឱកាសសានិត បានចូលរួមវគ្គ បណ្តុះបណ្ដាល និងសកម្មភាពផ្សេងៗយ៉ាងសកម្មជាមួយស៊ីយ៉ានៅខេត្តរតនគីរី ។
២. ជំហានដំបូងមកកាន់ទីក្រុង និងការជួប CIYA
បន្ទាប់ពីសានិតប្រឡងចប់ថ្នាក់វិទ្យាល័យ សានិតបានជាប់អាហារូបករណ៍ចំនួនពីរ គឺផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជាប់អាហារូបករណ៍ផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យអាស៊ីអារ៉ុប។ សានិតបាន ប្រាប់ថាកាលនោះ គាត់មិនដឹងថាគួរទៅសិក្សាបន្តឬយ៉ាងណាទេ ដោយសារគ្រួសារមានជីវភាពខ្វះខាត គិតទៅដល់ការហូបចុក ការចំណាយប្រចាំថ្ងៃ បើទោះបីទទួលបានអាហារូបករណ៍ពីសាលាក៏ដោយ រួមទាំងកន្លែងស្នាក់នៅគឺមិនមានថវិការសម្រាប់ផ្គត់ផ្គង់នោះទេ។ ប៉ុន្តែតាមរយៈរៀមច្បង ដែលពួកគាត់បានចុះទៅខេត្តរតនៈគីរី ហើយបានដឹងអំពីការខិតខំប្រឹងប្រែងរបស់សានិត គាត់ក៏បានណែនាំឱ្យសានិតមកស្នាក់នៅស៊ីយ៉ា សម្រាប់ការហូបចុករៀមច្បងគាត់ជាអ្នកជួយខ្លះ ទើបសានិតក៏សម្រេចចិត្តមកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ក្រោយពីការសម្រេចចិត្ត សានិតបានជ្រើសរើសយកអាហារូបករណ៍ ជំនាញគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបោះបង់ចោលអាហារូបករណ៍ ជំនាញអក្សរសាស្រ្តអង្គគ្លេស នៅសាកលវិទ្យាល័យអាស៊ីអារ៉ុប។

សកម្មភាពវេទិកាស្តីពីយុវជនជនជាតិដើមភាគតិច និងឱកាសទទួលបានការអប់រំនៅភ្នំពេញ។
ការមកដល់ទីក្រុងភ្នំពេញ ក៏ដូចជាការមកដល់នៃសាកលវិទ្យាល័យនៅឆ្នាំ២០១២ សានិតមិនដែលស្គាល់អំពីភូមិសាស្ត្រ ឬរបៀបនៃការរស់នៅទីក្រុងភ្នំពេញឡើយ រីឯមធ្យោបាយធ្វើដំណើវិញក៏មិនមានដែរ។ ជាពិសេសគឺថវិកាក្នុងការចំណាយផ្សេងៗ សានិតក៏បានបន្ថែមថា លោកបានសុំខ្ចីកង់រៀមច្បងដើម្បីជិះទៅរៀនអស់រយៈពេល១ឆ្នាំ។ សានិតបានធ្វើការផង រៀនផងដោយដើរបង្រៀនគេនៅតាមផ្ទះផង ទោះថ្ងៃចន្ទឬថ្ងៃអាទិត្យក៏បង្រៀនដែរ ទើបអាចដោះស្រាយបញ្ហា ការចំណាយក្នុងការសិក្សាផ្សេងៗ ក៏ដូចទុកសម្រាប់ការសន្សំសម្រាប់ខ្លួនឯងរហូតសន្សំអាចទិញម៉ូតូ សម្រាប់ខ្លួនឯងបានមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ធ្វើដំណើរងាយស្រួលជាងមុន។ ការតស៊ូជម្នះ និងការខិតខំប្រឹងប្រែង រហូតដល់ឆ្នាំ២០១៦ សានិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
៣. ពីសមាជិកក្លាយទៅជាគ្រូបង្រៀនវិទ្យាល័យ
បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររួចមក សានិតបានដាក់ពាក្យប្រឡងគ្រូថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០១៧ នៅខេត្តផ្សេងៗ ប៉ុន្តែមិនជាប់។ បន្ទាប់មកទៀត សានិតបានធ្វើការនៅសាលាឯកជនមួយកន្លែងដែលធ្វើជាលេខាធិការ និងធ្វើជាគ្រូបង្រៀនផង ធ្វើឱ្យសានិតអាចរកប្រាក់ចំណូលបានសមរម្យ អស់រយៈពេលពីរឆ្នាំ។ លុះដល់ឆ្នាំ១០១៩ សានិតក៏មានដៃគូរឬអ្នកដែលសានិតជាប់ចិត្តស្រលាញ់ និងយល់ចិត្តគ្នាមកពីទឹកដីជាប់ព្រំប្រទល់គឺខេត្តមណ្ឌលគីរី។ ដៃគូររបស់សានិតបានជម្រុញឱ្យសានិត ដាក់ពាក្យប្រឡងគ្រូនៅខេត្តមណ្ឌលគិរី ប៉ុន្តែមិនជាប់។ ក្រោយមកទៀតសានិតបានធ្វើការមួយឆ្នាំបន្ថែមទៀត ហើយបានប្រឡងជាលើកទីបីម្ដងទៀតទើបជាប់ជាស្ថាពរ ដែលនឹងត្រូវបង្រៀននៅ វិទ្យាល័យជ្រោះប៊ូស្រា។ ក្រៅពីប្រឡងគ្រូ សានិតបានប្រាប់ថាខ្លួនក៏ធ្លាប់ប្រឡងក្រសួងផែនការ ចំនួនពីរដងដែរ ហើយនេះក៏ជាបទពិសោធន៍ដែលសានិតធ្លាប់ប្រឡូកប្រឡងចូលការងាររដ្ឋ។

រូបថត ជាមួយលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យជ្រោះប៊ូស្រា។
សានិតបានបន្ថែមថា សមាគមបានជួយឱ្យខ្លួនបានផ្លាស់ប្ដូរយ៉ាងច្រើននៅក្នុងជីវិតរបស់លោកនៅក្នុងសង្គម ជាពិសេសសមាគមក៏បានជួយកន្លែងស្នាក់នៅដល់យុវជនជនជាតិដើមភាគតិចមកពីតំបន់ជនបទ និងមិនមានលទ្ធភាពជួលផ្ទះស្នាក់នៅ។ មួយវិញទៀតសមាគមបានបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗ ពាក់ព័ន្ធទៅច្បាប់ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច ភាពជាអ្នកដឹកនាំ និងចំណេះដឹងជនជាតិដើមភាគតិច។ នៅសមាគមរាល់ពេលយុវជនណាម្នាក់ដែលបានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬវគ្គចែករំលែកខ្លីពីខាងក្រៅ គឺយើងតែងតែយកចំណេះដឹងទាំងអស់នោះមកធ្វើបទបង្ហាញ និងចែករំលែកទៅយុវជនដ៏ទៃទៀត ដែលមិនបានទៅចូលរួមផ្ទាល់។ មួយវិញទៀតសមាគមបានបង្កើតកម្មវិធីអាហារសាមគ្គី សម្រាប់សមាជិក នឹងសិស្សនិស្សិតជនជាតិដើមភាគតិច ទាំងអ្នកស្នាក់នៅខាងក្រៅ នឹងក្នុងផ្ទះសមាគមផងដែរ។ បន្ថែមពីនេះសានិតក៏បាន បញ្ជាក់ថាសមាគមក៏បានជួយអំពីរបៀបដោះស្រាយបញ្ហា និងចេះយកអាសារគ្នាក្នុងគ្រាអាសន្ន ចេះសាមគ្គីគ្នាទៅវិញមក។ ជាពិសេសមានអ្នកជួយលើកទឹកចិត្តគ្នា ផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក នៅពេលសមាជិកណាម្នាក់ជួបបញ្ហាអ្វីមួយ បន្ថែមពីនេះរៀមច្បងពួកគាត់ក៏ជួយយើងជាថវិកាសម្រាប់ទិញម្ហូបញាំផ្សេងៗទៀត។ក្រោយពីបានក្លាយទៅជាគ្រូបង្រៀន សានិតបានបន្តប្រាប់ទៀតថា ខ្លួនជាអ្នកស្រលាញ់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់។ ដូចច្នេះនៅពេលដែលខ្លួនបានក្លាយទៅជាគ្រូបង្រៀន នៅវិទ្យាល័យជ្រោះប៊ូស្រា សានិតបានបង្កើតក្រុមបាលទាត់វិទ្យាល័យ។ ហើយបានប្រកួតជាមួយក្រុមបាល់ទាត់ នៃវិទ្យាល័យផ្សេងៗទៀត មានជាការរៀបចំប្រកួតដណ្ដើមពានរង្វាន់ នឹងប្រកួតមិត្តភាពជាមដើម។ ហេតុផលទាំងនេះបានធ្វើឲ សានិតទទួលបានការគោរពស្រលាញ់ពីលោកគ្រូ អ្នកគ្រូ នឹងសិស្សានុសិស្ស នឹងនៅនៅជុំវិញខ្លួន។
៤. ចក្ខុវិស័យនាពេលអនាគត
ជាទស្សនៈវិស័យសានិត ចង់ឃើញយុវជនមានការផ្លាស់ប្ដូរ យុវជនមិនរៀបការនៅវ័យក្មេង ប្រឹងប្រែងរៀនសូត្រឱ្យបានជ្រៅជ្រះឱ្យកាន់តែខ្ពស់ ដើម្បីឱ្យមានការអភិវឌ្ឍន៍ទៅដល់សហគមន៍ និងសង្គមជាតិជាតិរបស់ខ្លួន។ មួយវិញទៀត សានិតចង់ឱ្យយុវជនដែលបានសិក្សារៀនជំនាញណាមួយឱ្យបានច្បាស់លាស់ ពិតប្រាកដ និងត្រឹមត្រូវទៅតាមជំនាញដែលខ្លួនបានជ្រើសរើស។ បន្ថែមពីនេះសានិតក៏ចង់ឱ្យយុវជនចេះប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាព្រមទាំងទំនាក់ទំនង ដែលនេះជាជំនាញទន់ដែលត្រូវតែចេះជាដាច់ខាតសម្រាប់យុវជន ពីព្រោះនៅពេលដែលចេះជំនាញទាំងអស់នោះ វាបានធ្វើឱ្យយើងអាចយកសមត្ថភាពទាំងអស់នោះទៅជួយសហគមន៍និងយុវជនរបស់ខ្លួនពិតប្រាកដ។

The Association envisions that Indigenous peoples have access to quality education, foster strong solidarity, and achieve prosperity. It is committed to safeguarding their rights to use and protect their land, natural resources, culture, traditions, and identity, ensuring they can live with dignity and harmony on their ancestral lands.
#28, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh
Phone: +855 97 913 3330
E-mail: info@ciyanet.org
Website: ciyanet.org
