កម្មវិធីបោះជំរុំជនជាតិដើមភាគតិច៖ ការផ្ទេរចំណេះដឹង និងភាពជាអ្នកដឹកនាំពីចាស់ទុំទៅយុវជន ដើម្បីអភិរក្សវប្បធម៌ និងធនធានធម្មជាតិ។
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (ស.យ.ជ.ក) បានរៀបចំកម្មវិធីបោះជំរុំជនជាតិដើមភាគតិច ក្រោមប្រធានបទ “ការផ្ទេរចំណេះដឹង និងភាពជាអ្នកដឹកនាំពីចាស់ទុំទៅយុវជន ដើម្បីអភិរក្សវប្បធម៌ និងធនធានធម្មជាតិ” ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅក្រុងបានលុង ខេត្តរតនគិរី និងភូមិក្បាលរមាស ខេត្តស្ទឹងត្រែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនជនជាតិដើមភាគតិចបានជួបជុំ ផ្លាស់ប្តូរ បទពិសោធន៍ សិក្សាពីចាស់ទុំ និងសហគមន៍ ព្រមទាំងពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជនក្នុងការអភិរក្សវប្បធម៌ អត្តសញ្ញាណ និងធនធានធម្មជាតិ។

កម្មវិធីនេះរួមបញ្ចូលសកម្មភាពសំខាន់ៗចំនួនបី គឺ វេទិកាយុវជន វគ្គចែករំលែកស្តីពីស្ថានភាព គោលគំនិត ភាពជាអ្នកដឹកនាំ និងចំណេះដឹងជនជាតិដើមភាគតិច និងទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ក្បាលរមាស។ ការរៀបចំសកម្មភាពទាំងនេះមានគោលបំណងភ្ជាប់ការរៀនសូត្រក្នុងថ្នាក់ជាមួយបទពិសោធន៍ជាក់ស្តែងនៅសហគមន៍ និងទីតាំងធម្មជាតិ ដើម្បីឱ្យយុវជនយល់កាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ ចំណេះដឹងប្រពៃណី និងតួនាទីរបស់ខ្លួនក្នុងការការពារ និងបន្តអត្តសញ្ញាណជនជាតិដើមភាគតិច។
កម្មវិធីនេះមានការចូលរួមសរុបចំនួន ៨៧ នាក់ ស្រី ៥០ រួមមានបុគ្គលិក ស.យ.ជ.ក និស្សិត យុវជន សមាជិកក្រុមប្រឹក្សាភិបាល ដៃគូ អាជ្ញាធរមូលដ្ឋាន វាគ្មិន និងចាស់ទុំសហគមន៍។
កម្មវិធីបោះជំរុំជនជាតិដើមភាគតិចរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយមានអត្ថន័យ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យយុវជនបានសិក្សាពីតួនាទីរបស់ខ្លួនក្នុងសហគមន៍ រៀនសូត្រពីចាស់ទុំ និងអ្នកដឹកនាំសហគមន៍ ស្វែងយល់ពីវប្បធម៌ អត្តសញ្ញាណ និងធនធានធម្មជាតិ ព្រមទាំងបានឃើញបទពិសោធន៍ជាក់ស្តែងពីទីតាំងសំខាន់ៗដូចជា បឹងយក្ខឡោម និងភូមិក្បាលរមាស។

តាមរយៈសកម្មភាពទាំងនេះ យុវជនបានពង្រឹងការយល់ដឹងអំពីសារៈសំខាន់នៃការផ្ទេរចំណេះដឹងពីចាស់ទុំទៅយុវជន និងការចូលរួមរបស់យុវជនក្នុងការអភិរក្សវប្បធម៌ អត្តសញ្ញាណ ដីធ្លី និងធនធានធម្មជាតិ។ កម្មវិធីនេះក៏បានពង្រឹងទំនាក់ទំនងរវាងយុវជន ចាស់ទុំ អាជ្ញាធរ និងសហគមន៍ ព្រមទាំងជំរុញឱ្យយុវជនមានការប្តេជ្ញាចិត្តក្នុងការចូលរួមការពារ និងបន្តតម្លៃជនជាតិដើមភាគតិចទៅកាន់ជំនាន់ក្រោយ។


Previous Post