info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

កម្មវិធីបោះជំរុំជនជាតិដើមភាគតិច៖ ការផ្ទេរចំណេះដឹង និងភាពជាអ្នកដឹកនាំពីចាស់ទុំទៅយុវជន ដើម្បីអភិរក្សវប្បធម៌ និងធនធានធម្មជាតិ។

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (ស.យ.ជ.ក) បានរៀបចំកម្មវិធីបោះជំរុំជនជាតិដើមភាគតិច ក្រោមប្រធានបទ “ការផ្ទេរចំណេះដឹង និងភាពជាអ្នកដឹកនាំពីចាស់ទុំទៅយុវជន ដើម្បីអភិរក្សវប្បធម៌ និងធនធានធម្មជាតិ” ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅក្រុងបានលុង ខេត្តរតនគិរី និងភូមិក្បាលរមាស ខេត្តស្ទឹងត្រែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនជនជាតិដើមភាគតិចបានជួបជុំ ផ្លាស់ប្តូរ បទពិសោធន៍ សិក្សាពីចាស់ទុំ និងសហគមន៍ ព្រមទាំងពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជនក្នុងការអភិរក្សវប្បធម៌ អត្តសញ្ញាណ និងធនធានធម្មជាតិ។

រូបភាពទី១៖ ការដឹកនាំរបស់ចាស់ទុំប្រពៃណីក្នុងកម្មវិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចទំពូន មុនចាប់ផ្តើមវេទិកាយុវជន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅរោងសហគមន៍តំបន់ការពារធម្មជាតិបឹងយក្ខឡោម ខេត្តរតនគិរី។ រូបភាពដោយ៖ លោក ថ ភៀន។

កម្មវិធីនេះរួមបញ្ចូលសកម្មភាពសំខាន់ៗចំនួនបី គឺ វេទិកាយុវជន វគ្គចែករំលែកស្តីពីស្ថានភាព គោលគំនិត ភាពជាអ្នកដឹកនាំ និងចំណេះដឹងជនជាតិដើមភាគតិច និងទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ក្បាលរមាស។ ការរៀបចំសកម្មភាពទាំងនេះមានគោលបំណងភ្ជាប់ការរៀនសូត្រក្នុងថ្នាក់ជាមួយបទពិសោធន៍ជាក់ស្តែងនៅសហគមន៍ និងទីតាំងធម្មជាតិ ដើម្បីឱ្យយុវជនយល់កាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ ចំណេះដឹងប្រពៃណី និងតួនាទីរបស់ខ្លួនក្នុងការការពារ និងបន្តអត្តសញ្ញាណជនជាតិដើមភាគតិច។

កម្មវិធីនេះមានការចូលរួមសរុបចំនួន ៨៧ នាក់ ស្រី ៥០ រួមមានបុគ្គលិក ស.យ.ជ.ក និស្សិត យុវជន សមាជិកក្រុមប្រឹក្សាភិបាល ដៃគូ អាជ្ញាធរមូលដ្ឋាន វាគ្មិន និងចាស់ទុំសហគមន៍។

កម្មវិធីបោះជំរុំជនជាតិដើមភាគតិចរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយមានអត្ថន័យ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យយុវជនបានសិក្សាពីតួនាទីរបស់ខ្លួនក្នុងសហគមន៍ រៀនសូត្រពីចាស់ទុំ និងអ្នកដឹកនាំសហគមន៍ ស្វែងយល់ពីវប្បធម៌ អត្តសញ្ញាណ និងធនធានធម្មជាតិ ព្រមទាំងបានឃើញបទពិសោធន៍ជាក់ស្តែងពីទីតាំងសំខាន់ៗដូចជា បឹងយក្ខឡោម និងភូមិក្បាលរមាស។

រូបភាពទី២៖ ការឡើងធ្វើចំណាប់អារម្មណ៍ និងបើកវេទិកាយុវជន ដោយលោក សុវណ្ណ ប៊ុនថៃ សមាជិកក្រុមប្រឹក្សាភិបាលនៃ ស.យ.ជ.ក ប្រចាំខេត្តរតនគិរី។ រូបភាពដោយ៖ លោក ថ ភៀន។

តាមរយៈសកម្មភាពទាំងនេះ យុវជនបានពង្រឹងការយល់ដឹងអំពីសារៈសំខាន់នៃការផ្ទេរចំណេះដឹងពីចាស់ទុំទៅយុវជន និងការចូលរួមរបស់យុវជនក្នុងការអភិរក្សវប្បធម៌ អត្តសញ្ញាណ ដីធ្លី និងធនធានធម្មជាតិ។ កម្មវិធីនេះក៏បានពង្រឹងទំនាក់ទំនងរវាងយុវជន ចាស់ទុំ អាជ្ញាធរ និងសហគមន៍ ព្រមទាំងជំរុញឱ្យយុវជនមានការប្តេជ្ញាចិត្តក្នុងការចូលរួមការពារ និងបន្តតម្លៃជនជាតិដើមភាគតិចទៅកាន់ជំនាន់ក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *