ដំណើរផ្លាស់ប្តូរ ពីក្មេងប្រុសមកពីជនបទ តស៊ូជំនះរៀនសូត្រ និងឆ្លងកាត់បទពិសោធន៍ជីវិតរហូតបានក្លាយជាមន្ត្រីគម្រោងនៅស្ថាប័នមួយកន្លែង។
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក
លោក វន ចន្ថា ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ មានអាយុ២៩ឆ្នាំ។ មុនពេលទទួលបានការគាំទ្រ និងស្នាក់នៅពី CIYA ការរស់នៅ និងការសិក្សារៀនសូត្ររបស់លោក ពោរពេញដោយការលំបាក។ ចន្លោះពីថ្នាក់ទី៨ ដល់ទី១២ លោកត្រូវខិតខំរកប្រាក់ចំណូលដោយខ្លួនឯង ដើម្បីគាំទ្រការសិក្សា និងការចំណាយប្រចាំថ្ងៃបន្ថែមពីការជួយបន្តិចបន្តួចពីគ្រួសារ។ លោកធ្លាប់ដើរស៊ីឈ្នួលគេ ចូលរួមស្ម័គ្រចិត្តជាមួយអង្គការផ្សេងៗ និងធ្វើការផាត់មុខតាមរោងការជាមួយម្ចាស់សំអាងនៅក្នុងភូមិ។
បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ លោកមិនអាចបន្តការសិក្សាបានភ្លាមៗទេ។ លោកត្រូវផ្អាកមួយឆ្នាំ ដោយសារកត្តាជីវភាពគ្រួសារខ្វះខាត ហើយជាពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងឆាកជីវិត គឺការបាត់បង់ម្ដាយជាទីស្រលាញ់។ លោកត្រូវក្លាយជាអ្នកទទួលខុសត្រូវមើលថែប្អូនៗ និងដើរតួនាទីទាំងជាម្ដាយផង និងជាឪពុកក្នុងគ្រួសារផង។ ទោះជាយ៉ាងណាក៏ដោយ ក្តីស្រមៃក្នុងការបន្តការសិក្សាដែលបានបង្កើតតាំងពីកុមារភាពមិនធ្វើឱ្យលោកអស់សង្ឈឹមឡើយ។

សកម្មភាពប្រជុំក្រុមយុវជនប្រចាំខែ និងរៀបចំផែនការបន្ត នៅខេត្តព្រះវិហារ
២. ជំហានដំបូងមកកាន់ទីក្រុង និងការជួប CIYA
នៅឆ្នាំ២០១៧ គឺជាចំណុចរបត់សំខាន់មួយនៅក្នុងជីវិតលោក។ លោកបានឡើងមករាជធានីភ្នំពេញជាលើកដំបូង ដោយប្រឈម

សកម្មភាពប្រជុំក្រុមយុវជន បណ្តាញសមាជិក ស.យ.ជ.ក ប្រចាំខេត្តព្រះវិហារ។
មុខនិងបញ្ហាជាច្រើន ការមិនស្គាល់ពីភូមិសាស្ត្រ ការធ្វើដំណើរលំបាក កង្វះចំណេះដឹងអំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីស្វែងរកព័ត៌មាន និងអាហារូបករណ៍ កង្វះភាពក្លាហាន បទពិសោធន៍ និងជាពិសេសកង្វះថវិកាសម្រាប់សិក្សា ស្នាក់នៅ និងការចំណាយប្រចាំថ្ងៃ។ ក្នុងស្ថានភាពនោះ ចន្ថាបានស្គាល់CIYA តាមការណែនាំពីសិស្សច្បង គឺជាការផ្លាស់ប្ដូរដ៏មានន័យយ៉ាងខ្លាំង។ CIYA ក៏បានផ្ដល់កន្លែងស្នាក់នៅ ផ្ដល់ព័ត៌មានអំពីសាលាដែលមានអាហារូប- ករណ៍ និងបង្កើតបរិយាកាស កក់ក្ដៅសម្រាប់យុវជនជនជាតិដើមភាគតិច។
លើសពីនេះទៀត CIYA ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដូចជា ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង ការស្គាល់អំពីខ្លួនឯង ការសម្របសម្រួលយុវជន និងសហគមន៍ ការសរសេរកំណត់ហេតុ និងរបាយការណ៍ ការរៀបចំ CV និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Email, Facebook, Telegram)។ អ្វីដែលសំខាន់ជាងគេនោះផ្តល់វគ្គបណ្តុះ-បណ្តាលអំពីអត្តសញ្ញាណ សិទ្ធិ និងច្បាប់ពាក់ព័ន្ធនឹងជនជាតិដើមភាគតិច។
៣. ពីសមាជិកក្លាយទៅជាមន្ត្រីគម្រោង
លោកបានចូលជាសមាជិក CIYA តាំងពីឆ្នាំ២០១០ នៅពេលនៅជាយុវជនក្នុងភូមិ។ លោកតែងចូលរួមសកម្ម- ភាពរបស់CIYA ជាពិសេសទិវាអន្តរជាតិជនជាតិ ដើមភាគតិចពិភពលោក (០៩ សីហា)។ បន្ទាប់ពីឡើងមកនៅភ្នំពេញ លោកបានក្លាយជាអ្នកតំណាងសមាជិកប្រចាំនៅទីក្រុង ក្នុងឆ្នាំ២០១៧ បន្តធ្វើការស្ម័គ្រចិត្តនៅឆ្នាំ២០១៨ និងក្លាយជាជំនួយការគម្រោងនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន លោកបានក្លាយជាមន្ត្រីគម្រោង នៅ CIYA ពេញលេញ។ ក្នុងរយៈពេល៩ឆ្នាំនៃការស្នាក់នៅ CIYA លោកមិនត្រឹមតែជានិស្សិតទេ ប៉ុន្តែថែមទាំងជួយគ្រប់គ្រង និងមើលការខុសត្រូវនិស្សិតផ្សេងៗ ដែលមកស្នាក់នៅ CIYA House ផងដែរ។

សកម្មភាពចូលរួមអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣។

សកម្មភាពចុះទស្សនកិច្ច នៅខេត្តរតនគិរី
៤. ចក្ខុវិស័យនាពេលអនាគត
សម្រាប់លោក វន ចន្ថា ការគាំទ្ររបស់ ស.យ.ជ.ក មានសារៈសំខាន់យ៉ាងខ្លាំងចំពោះយុវជនជនជាតិដើមភាគតិចនៅកម្ពុជា។ ស.យ.ជ.ក បានផ្ដល់ឱកាសឱ្យយុវជនដែលមានជីវភាពខ្វះខាត អាចបន្តក្តីស្រមៃ និងអភិវឌ្ឍខ្លួនឯងទាំងចំណេះដឹងវិទ្យាសាស្ត្រ និងចំណេះដឹងប្រពៃណី។
ចក្ខុវិស័យរបស់លោក គឺចង់ឃើញយុវជនជនជាតិដើមភាគតិចមានចំណេះជំនាញពិតប្រាកដ និងក្លាយជាអ្នកយុវជនបន្តវេនពីចាស់ទុំ ក្នុងការអភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងចំណេះដឹងដ៏មានតម្លៃរបស់ជនជាតិដើមភាគតិច សម្រាប់ជំនាន់បន្តទៅមុខ។

Previous Post