info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

ដំណើរផ្លាស់ប្តូរពីក្មេងប្រុសកំសត់រសាត់អណ្តែតដល់ទីក្រុងភ្នំពេញទាំងគ្រួសារជួបការលំបាក ជំនះតស៊ូរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រ។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក

លក្ខិណា ជាយុវជនជនជាតិដើមភាគតិចកួយ កើតក្នុងទឹកដីនៃខេត្តព្រះវិហារ និងជាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ យុវជន លក្ខិណា កើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត ដែលសេដ្ឋកិច្ចរបស់ពួកគាត់ គឺពឹងផ្អែកទាំងស្រុងទៅលើការធ្វើស្រែចម្ការ ដាំស្រូវ និងអាស្រ័យផលលើធនធានធម្មជាតិ ព្រៃឈើជាដើម។ លក្ខិណា ជាកូនទី២ដែលមានសមាជិកគ្រួសារចំនួន៥នាក់ ក្នុងនោះមានបងប្អូនស្រី២នាក់ ហើយលោកគឺជាក្មេងដែលតែងតែងជួយសម្រាលទុកលំបាកឪពុកម្តាយរបស់គាត់ ជាពិសេសការខិតខំ ប្រែងរៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវធ្វើសម្រាប់គ្រួសារ។

យុវជនម្នាក់នេះ ធ្លាប់មានក្តីស្រម៉ៃចង់អង្គុយធ្វើការនៅក្នុងការិយាល័យ មានប្រាក់ចំណូលសមរម្យអាចជួយខ្លួនឯងបាន និងគ្រួសារ ហើយរូបគេចង់ស្គាល់រាជធានីភ្នំពេញ និងខេត្តនានា នៅក្នុងប្រទេសកម្ពុជា លោកក៏ធ្លាប់ស្រម៉ៃចង់ជិះយន្តហោះទៅក្រៅប្រទេសផងដែរ។ ប៉ុន្តែគំនិតទាំងនោះ វាបានត្រឹមជាក្តីស្រម៉ៃដែលមនុស្សគ្រប់រូបនរណាក៏អាចស្រម៉ៃបានដែរ ហើយវារឹតតែមិនបានទៅរួច។ ដោយសារតែជីវភាពរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកបែបនេះ។ លោកសម្រេចចិត្តថា ក្រោយបញ្ចប់ថ្នាក់ទី១២ គឺមិនបន្តការសិក្សាដូចគេផ្សេងទេ​ ដោយជំនួសការគិតមកវិញថា ខ្លួននិងប្រឹងធ្វើការដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ ទៅលើការសិក្សារបស់ប្អូនៗ ទោះបីខ្លួនមិនបានបន្តការសិក្សាក៏ដោយ សំខាន់ឲ្យតែប្អូនៗបានសម្រេចគោលដៅទៅថ្ងៃអនាគត។

សកម្មភាពថតរូបអនុស្សាវរីយ៍មិត្តរួមជំនាន់ ក្រោយទទួលសញ្ញាបត្របរិញ្ញាបត្រ ឆ្នាំ២០១៩។

នៅឆ្នាំ២០១៥ ក្រោយពីបានរៀនចប់ថ្នាក់ទី១២ យុវជន លក្ខិណា បានជួបសិស្សច្បងកំឡុងពេលដែលក្រុមការងារសមាគមបានចុះទៅសហគមន៍ភូមិប្រមេរ ដើម្បីធ្វើការប្រារព្វទិវាជនជាតិដើមភាគ-តិចពិភពលោក នឹងបានផ្សព្វផ្សាយអំពីឱកាសអាហារូបករណ៍ការ ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។ ពួកគាត់បានជម្រុញនឹងលើកទឹកចិត្ត ព្រមទាំងជួយរកវិធីដោះស្រាយ ផ្តល់ជាជម្រើសផ្សេងៗដល់ លក្ខិណា ពេលនោះធ្វើឲ្យយុវជនម្នាក់នេះ រកឃើញផ្លូវមួយដែលត្រូវដើរបន្តរ។ ហេតុផលទាំងនេះបាន ផ្លាស់ប្ដូរការគិតរបស់យុវជនលក្ខិណា កើតចិត្តចង់មកបន្តការសិក្សាសាកលវិទ្យាល័យ នៅឯទីក្រុងភ្នំពេញ។

២. ពេលទទួលបានការគាំទ្រពី ស.យ.ជ.ក

ស៊ីយ៉ាគឺជាផ្ទះទី២ ដែលបានផ្តល់ជាកន្លែងស្នាក់នៅសម្រាប់រូបគេ និងសិស្សនិស្សិតផ្សេងទៀត ផ្តល់ការចែករំលែកចំណេះដឹងជនជាតិដើមភាគតិច ការព្រឹក្សាយោបល់ផ្សេងៗពីសិស្សច្បងជំនាន់មុនៗ ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពផងដែរ។ ស៊ីយ៉ាគឺជាមជ្ឈមណ្ឌលអប់រំមួយ ដែលបានដាស់ស្មារតីឲ្យស្គាល់ពី តម្លៃខ្លួនឯង និងស្គាល់ពីវប្បធម៌ អត្តសញ្ញាណចម្រុះនៃជនជាតិដើមភាគតិចនៅកម្ពុជា។ អំឡុងពេលស្នាក់នៅផងដែរ លក្ខិណា មានឱកាសធ្វើជាយុវជនស្ម័គ្រចិត្តចុះតាមសហគមន៍ ក្នុងខេត្តគោលដៅនានា នៃសកម្មភាពចុះផ្សព្វផ្សាយអំពីឱកាសអាហាររូបការណ៍ កន្លែងស្នាក់នៅ ដល់បណ្តាញសមាជិក និងសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយបានស្គាល់តំបន់ជនជាតិដើមភាគតិចផ្សេងៗ។

អំឡុងការស្នាក់នៅ និងការសិក្សាផងដែរ រូបលោកក៏ធ្លាប់ឆ្លងកាត់ ការធ្វើការងារជាអ្នករត់តុកតាមរោងការ និងកម្មវិធីផ្សេងៗ ដែលទទួលបានប្រាក់កម្រៃតិចតួចជាប្រចាំថ្ងៃ។ ក្រៅពីនោះ លោកក៏ ធ្លាប់ធ្វើការងារជាសន្តិសុខក្នុងក្រុមហ៊ុនសន្តិសុខមួយកន្លែងនៅភ្នំពេញ ដោយធ្វើការពេលយប់ ដល់ព្រឹក និងបន្តទៅរៀន រហូតដល់ពាក់កណ្តាលឆ្នាំទី៣ ទើបគាត់ឈប់ពីការងារនោះ។

សកម្មភាពចូលរួមអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោក ៩ សីហា ឆ្នាំ២០២៥ នៅរោងយុវជនជនជាតិដើម។

៣. ការផ្លាស់ប្តូររបស់យុវជន

កំឡុងឆ្នាំទីបីដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ ការឧស្សាហ៍ព្យាយាមធ្វើការងារស្ម័គ្រចិត្តកន្លង មក និងការទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗជាច្រើនបានធ្វើឲ្យលក្ខិណាចេះពីរបៀបនៃកាទំនាក់ទំនង ការធ្វើការងារនៅក្នុងសហគមន៍ អង្គការដៃគូរនានា។ វាហាក់បីដូចជាការបើកទំព័រថ្មីសម្រាប់យុវជនរូបនេះ ដែលក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១ នៅវិទ្យាស្ថានជាតិសង្គមកិច្ច រយៈពេល៤ឆ្នាំ នៅដើមឆ្នាំ២០១៩ ដោយជោគជ័យ ព្រមទាំងឱកាសការងារស្ម័គ្រចិត្តតាមបណ្តាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានធ្វើឱ្យរូបគេស្គាល់ពិភពខាងក្រៅកាន់តែច្រើន។

៤. ចក្ខុវិស័យនាពេលអនាគត

ជាក្មេងស្រុកស្រែចម្ការ មកពីទីជនបទ ឆ្ងាយពីទីក្រុង ហើយពីមុនធ្លាប់តែស្រម៉ៃ ឥលូវវាបានក្លាយជាការពិត គឺរូបគេបានទៅចូលរួមកិច្ចនានាទាំងនៅតាមបណ្តាខេត្ត និងបានទៅក្រៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ជាដើម។ មិនតែប៉ុណ្ណោះទេ រូបគេក៏អាចជួយជ្រោមជ្រែងទៅដល់ប្អូនៗ ជួយដោះស្រាយជីវភាពនៃក្រុមគ្រួសារបានផងដែរ។

បច្ចុប្បន្ននេះ យុវជនរូបនេះ កំពុងបម្រើការងារតាមក្តីស្រម៉ៃរបស់ខ្លួន អង្គុយធ្វើការនៅក្នុងបន្ទប់ការិយាល័យ ជាមន្ត្រីគម្រោងជាន់ខ្ពស់ នៅសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ តាមរយៈការងារមួយនេះ រូបគេតែងតែចុះជួយពង្រឹង និងចែករំលែកចំណេះដឹង បទពិសោធន៍ដែលរូបគេមានទៅដល់យុវជន សិស្សនិស្សិត សហគមន៍ ដែលជាចំណែកនៃការអភិវឌ្ឍធនធានមនុស្ស និងសម្រាប់សង្គមជាតិផងដែរ។

សកម្មភាពចុះទស្សនកិច្ចសិក្សាតំបន់អនុវត្ដគម្រោងជាមួយម្ចាស់ជំនួយ និងអង្គការដៃគូរ នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅឆ្នាំ២០២៥។

យុវជនរូបនេះ បានបញ្ជាក់ពីអ្វីដែលរូបគេចង់ឃើញនៅតាមភូមិ នាពេលបច្ចុប្បន្ន និងទៅអនាគត គឺតាមភូមិជនជាតិដើមភាគតិចនីមួយៗ គួរមានប្រព័ន្ធដឹកនាំ មានសិទ្ធស្វ័យសម្រេចដោយខ្លួនឯង។ បន្ថែមពីនេះ រូបគេចង់ឃើញនៅក្នុងភូមិនីមួយៗ មានប្រព័ន្ធអប់រំ ដែលបានដាក់បញ្ចូលនូវភាសា និងអត្តសញ្ញាណជនជាតិដើមភាគតិចក្នុងកម្មវិធីសិក្សា ដើម្បីឲ្យយុវជនជំនាន់ក្រោយអាចចេះភាសាខ្លួនឯង និងរក្សាបាននូវវប្បធម៌ ទំនៀមទម្លាប់ អត្តសញ្ញាណជារបស់ខ្លួនពិតប្រាកដ។ មួយវិញទៀតអ្វីដែលរូបគេចង់ឃើញធំបំផុត គឺគ្រប់ខេត្តដែលមានជនជាតិដើមភាគតិចរស់នៅទាំងអស់ ត្រូវចង់ជាប្រព័ន្ធបណ្តាញអេកូទេសចរណ៍ និងភូមិវប្បធម៌ ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិមកលេងកម្សាន្តជាមុខរបរមួយជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងប្រជាជននៅតំបន់នោះ។

សកម្មភាពចូលរួមកម្មវិធីបុណ្យរម្លឺកវប្បធម៌កួយ កាលពីឆ្នាំ២០២៤។

ទាញយកឯកសារជា PDF ទីនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *