ដំណើរផ្លាស់ប្តូររបស់យុវជនជនជាតិចារ៉ាយម្នាក់ ជំនៈឧបសគ្គ ក្លាយជាយុវជនគំរូដល់យុវជនជំនាន់ក្រោយ
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក
លោក សេវ ថត់ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ មានវ័យ ២៣ឆ្នាំ មកពីសហគមន៍ដាច់ស្រយាលមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ថត់កើតក្នុងគ្រួសារមួយដែលមានជីវភាពលំបាក ដោយពឹងផ្អែកលើការធ្វើស្រែចម្ការតាមរដូវកាល និងមិនមានលទ្ធភាពផ្គត់ផ្គង់ឱ្យគាត់បន្តការសិក្សាបន្ទាប់ពីវិទ្យាល័យ។ ដោយរស់នៅឆ្ងាយពីទីប្រជុំជន គ្រួសារខ្វះខាត ប្រឈមមុខនឹងបញ្ហាជាច្រើន ថត់មានអារម្មណ៍មិនប្រាកដប្រជាអំពីអនាគតរបស់គាត់ ហើយជឿថាការអប់រំកម្រិតខ្ពស់គឺហួសពីលទ្ធភាពរបស់គាត់។

២. ពេលទទួលបានការគាំទ្រពី ស.យ.ជ.ក
នៅក្នុងឆ្នាំ២០២៣ ថត់បានស្គាល់សមាគមយុវជនជនជាតិដើម ភាគតិចកម្ពុជា និងចាប់ផ្តើមមានទំនាក់ទំនងស្គាល់រៀមច្បង ឬអតីតនិស្សិតដែលបានបញ្ចប់ការសិក្សា ហើយរៀមច្បងខ្លះពួកគាត់កំពុងបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងឯកជន។ ក្នុងនាមជាបណ្តាញសមាជិកម្នាក់ ថត់ក៏ត្រូវបានរៀមច្បងជំរុញ និងលើកទឹកចិត្ត ឱ្យចូលរួមក្នុងការងារសង្គម។ ថត់ជាយុវជនដែលមានភាពរុសរាយ គាត់តែងតែបង្កបរិយាកាសសប្បាយរីករាយ តាមរយៈសមត្ថភាពផ្នែកសិល្បៈរបស់ខ្លួន។ មិនតែប៉ុណ្ណោះ យុវជនរូបនេះ ចូលចិត្តចែករំលែកដល់យុវជនជនជាតិដើមភាគតិច ថត់ជាសមាជិក CIYA មួយរូបដែលមានសមត្ថភាព គំនិតច្នៃប្រឌិតខ្ពស់ បូកផ្សំជាមួយភាពវ័យឆ្លាត និងចំណេះដឹងជំនាញរបស់គាត់ គឺគាត់បានមានឱកាសធ្វើការងារហាត់ការ នៅអង្គការជនជាតិដើមភាគតិចកម្ពុជា នេះមិនត្រឹមតែធ្វើឱ្យ ថតទទួលបានការងានោះទេ ប៉ុន្តែវាគឺជាពេលវេលាមួយធ្វើឱ្យថត់ទទួលបាននូវការយកចិត្តទុកដាក់របស់រៀមច្បង ការចែករំលែកអំពីចំណេះដឹងបទពិសោធន៍ ឬប្រវត្តិសិក្សារបស់ពួកគាត់ទៅកាន់ថត់។ ថត់ ជាយុវជនជនជាតិចារ៉ាយដំបូងគេ ដែលបញ្ចប់ជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០២៤។
៣. ការផ្លាស់ប្តូរបស់និស្សិត

អ្វីដែលសំខាន់ជាងនេះទៅទៀត គាត់ចាប់ផ្តើមមើលឃើញខ្លួនឯងថា ជាយុវជនជនជាតិដើមភាគតិចមួយរូបដែលមានសមត្ថភាព និងមានតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ គាត់បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាយុវជន និងការពិភាក្សាអំពីសិទ្ធិជនជាតិដើម ភាគតិច និងការអប់រំជាដើម។ ហេតុផលទាំងនេះបានជម្រុញនិងលើកទឹកចិត្តរូបគាត់បន្ថែមទៀត ហើយគាត់បានណែនាំនិងចែករំលែកទៅកាន់យុវជនដែលមិនទាន់ មានឱកាសនៅក្នុងសហគមន៍ ឱ្យស្វែងយល់អំពីតម្លៃ របស់ជនជាតិដើមភាគតិចរបស់ខ្លួនឯង ពីព្រោះវាមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។ ថត់បានផ្លាស់ប្ដូរខ្លួនឯង នូវចំណេះដឹង និងអ្វីដែលថ្មីៗ ជាពិសេសបានផ្លាស់ប្តូរផ្នត់គំនិត ការយល់ពីតម្លៃរបស់យុវជនជនជាតិដើមភាគតិច វាមានតម្លៃជាសារវន្តសម្រាប់មនុស្សជាតិ និងប្រទេសជាតិទាំងមូល។
៤. ចក្ខុវិស័យពេលអនាគត

សព្វថ្ងៃនេះ លោក សេវ ថត់ កំពុងបម្រើការងារជាមន្រ្ដីទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៅអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) ហើយលោកក៏ជាគំរូសម្រាប់យុវជន និងសិស្សជនជាតិដើមភាគតិចវ័យក្មេង នៅក្នុងសហគមន៍របស់គាត់ផងដែរ។ លោកមានគម្រោងត្រឡប់ទៅភូមិរបស់លោកវិញ ដើម្បីគាំទ្រដល់ការអប់រំយុវជន និងលើកកម្ពស់ចំណេះដឹងជនជាតិដើមភាគតិច។ ការគាំទ្ររបស់ CIYA បានផ្លាស់ប្តូរពីភាពមិនប្រាកដប្រជារបស់យុវជនរូបនេះ ទៅជាឱកាស ដោយបង្ហាញពីរបៀប ដែលការវិនិយោគគោលដៅលើយុវជនជនជាតិដើមភាគតិច អាចបង្កើតផលវិជ្ជមានដ៏យូរអង្វែង និងប្រកបដោយចីរភាពសម្រាប់បុគ្គល គ្រួសារ និងសហគមន៍ទាំងមូល។យុវជនថត់មានគោលបំណង នាពេលអនាគតចង់បង្កើតជាស្ថាប័នសារព័ត៌មានមួយ ដែលនិយាយអំពីជនជាតិដើមភាគតិចទូទាំងប្រទេសកម្ពុជា ជាភាសាជនជាតិដើមភាគតិចតាមអំបូរនីមួយៗ ភាសាខ្មែរ និងភាសាបរទេសផងដែរ នៅក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យសំលេងជនជាតិដើមភាគតិច លឺទៅដល់ប្អូនជនជាតិដើមភាគតិចតាមបណ្តាសហគមន៍នានា បងប្អូនខ្មែរ និងចង់ឱ្យលឺទៅកាន់ពិភពលោកផងដែរ។ មួយវិញទៀតយុវជនថត់ សំណូមពរទៅដល់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា គួរបង្កើតវគ្គបណ្តុះបណ្តាលក្រុមតន្ត្រី អាចជាភ្លេងជនជាតិដើមភាគតិច ឬភ្លេងសម័យដើម្បីអាចឱ្យយុវជនថែរក្សានូវប្រពៃណីរបស់ខ្លួនបានផងដែរ តាមរយៈសិល្បៈ។

Previous Post