info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

ជីវប្រវត្តិផ្លាស់ប្តូរពីក្មេងស្រីជនជាតិដើមភាគតិចម្នាក់ មកពីជនបទ ជំនៈឧបសគ្គ តស៊ូរៀនសូត្ររហូតអាចបានការងារល្អធ្វើនៅរាជធានីភ្នំពេញ។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក

កញ្ញា ស្រីវី ជាជនជាតិដើមភាគតិចពូនង នាងមានអាយុ២២ឆ្នាំ និងមានស្រុកកំណើតនៅភាគឦសាននៃឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ បញ្ហាប្រឈមក្នុងនាមជាយុជនជនជាតិដើមភាគតិចដែលមកពីតំបន់ដាច់ស្រយាល ឆ្ងាយពីទីក្រុង ឆ្ងាយពីទីប្រជុំជន ឆ្ងាយពីសាលារៀន មន្ទីពេទ្យ ដែលជាហេតុធ្វើឱ្យមានការលំបាកខ្លាំង សម្រាប់យុវជនជនជាតិដើមភាគតិចក្នុងការសិក្សារៀនសូត្រ និងការស់នៅផ្សេងៗ។ កត្តាគួបផ្សំពីជីវភាពក្នុងគ្រួសារ និងឆ្ងាយពីសាលារៀន ស្រីវី ក៏បានសម្រេចចិត្តចាក់ចេញពីស្រុកកំណើត មករស់នៅទីក្រុងភ្នំពេញជាមួយសមាជិកគ្រួសារ ដើម្បីឱ្យខ្លួនអាចមានសាលាសម្រាប់សិក្សាថ្នាក់វិទ្យាល័យបាន។ ដោយសារគ្រួសារមានការខ្វះខាត ជាពិសេសកំឡុងពេលសិក្សានៅថ្នាក់វិទ្យាល័យ ស្រីវីបានឆ្លៀតពេលវេលាធ្វើការងាជាអ្នកសម្អាតផ្ទះ ធ្វើជាអ្នករត់តុនៅតាមហាងអាហារ ធ្វើជាអ្នកបកប្រែ ហើយស្រីវីបានយកថវិការទាំងអស់នោះ ដើម្បីមកផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់ខ្លួន។

រូបភាព ស្រីវី កាលធ្វើការជាអ្នកហាត់ការ នៅស្ថានទូតសហភាពអឺរ៉ុបនៅរាជធានីភ្នំពេញ។

២. ពេលទទួលបានការគាំទ្រពី ស.យ.ជ.ក

ស្រីវីបានភ្ជាប់ទំនាក់ទំនង ឬស្គាល់ស៊ីយ៉ាជាលើកដំបូងកំឡុងឆ្នាំ ២០១៨ កាលរៀននៅវិទ្យាល័យ ខេត្តមណ្ឌលគិរី ប៉ុន្តែមិនទាន់បានចូលជាមាជិកទេ។ លុះដល់ឆ្នាំ២០២១ ស្រីវី ទទួលបានការណែនាំ និងចែករំលែកអំពីឱកាសផ្សេងៗ នៃការចូលជាសមាជិក ស៊ីយ៉ាតាមរយៈ បងស្រីបង្កើតរបស់ស្រីវីផ្ទាល់។ ស្រីវី បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលនាងបានក្លាយជាសមាជិកស៊ីយ៉ា អ្វីដែលនាងទទួលបាន គឺការអប់រំចំណេះដឹងជនជាតិដើម ការពិគ្រោះយោបល់ និងការបណ្តុះបណ្តាលផ្សេងៗ។ ហើយអ្វីដែលសំខាន់ជាងគេ គឺស៊ីយ៉ាបានផ្តល់ឱកាស ដោយបានជ្រើសរើសស្រីវីឱ្យធ្វើជាអ្នកតំណាងជនជាតិដើមភាគតិចពីប្រទេសកម្ពុជា ដើម្បីទៅសិក្សារៀនសូត្រនៅប្រទេសម៉ាឡេស៊ី ទាក់ទងនិងសិទ្ធិជនជាតិដើមភាគតិច ភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងការចងក្រងសហគមន៍។ នៅត្រង់ចំណុចនេះ នាងថាស៊ីយ៉ាបានបង្ហាញសមត្ថភាពពិតរបស់គាត់ ទៅកាន់ ពិភពខាងក្រៅ (ក្រៅប្រទេស) ហើយការផ្តល់ឱកាសមួយនេះ បានធ្វើឱ្យនាងអាចមានលទ្ធភាព បង្កើតទំនាក់ទំនងជាមួយជនជាតិដើមភាគតិចនៅប្រទេសផ្សេងៗ ដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសហរដ្ឋអាមេរិកជាដើម ព្រមទាំងឱ្យនាងបានស្គាល់ និងដាក់បានពាក្យធ្វើការជាមួយអង្គការមួយកម្រិតអន្តរជាតិ។

សកម្មភាពចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិក
រូបភាពឆ្នាំ ២០២៥។

បន្ថែមពីនេះស៊ីយ៉ាបានជួយពង្រឹងសមត្ថភាព ផ្តល់ការបណ្តុះបណ្តាល វគ្គចែករំលែកផ្សេងៗ ដូចជាការសម្របសម្រួលក្នុងកម្មវិធី(ពិធីករ) នៅក្នុងកម្មវិធីផ្សេងៗ ហើយសិស្សច្បងពួកគាត់បានបង្រៀនអំពីរបៀបនិយាយជាសាធារណៈ និងការត្រៀមខ្លួនមុនពេលកម្មវិធីត្រូវបានចាប់ផ្ដើម។ នាងបានបន្ថែមទៀតថា ដោយសារស៊ីយ៉ាជាសមាគម ដូចច្នេះនៅពេលស្រីវីចង់ដាក់ពាក្យធ្វើការនៅស្រុកក្រៅ ស៊ីយ៉ាគឺបានជួយសម្របសម្រួលលិខិតឧទ្ទេសនាមដែលអាចឱ្យនាង មានឱកាសធ្វើការជាមួយអង្គការថ្នាក់តំបន់បាន។ មិនតែប៉ណ្ណោះទេ ស៊ីយ៉ាបានផ្តល់នូវចំណេះដឹងជាច្រើន និងឱ្យស្គាល់ជាមួយយុវជនជនជាតិដើមមកពីខេត្តផ្សេងៗ ដែលអាចធ្វើការជាមួយគ្នាបាន ចេះសាមគ្គីគ្នាទៅវិញទៅមក ដែលជាគោលដៅអភិវឌ្ឍនិងការរាប់អានគ្នារហូតមកដល់បច្ចុប្បន្ន។

៣. ការផ្លាស់ប្តូររបស់យុវជន

ការផ្លាស់ប្តូរបស់ស្រីវី នៅពេលដែលនាងបានចូលជាសមាជិកស៊ីយ៉ា ស៊ីយ៉ាបានជួយណែនាំ និងយកចិត្តទុកដាក់ជាមួយយុវជនទូទៅ ដែលជាយុវជនជនជាតិដើមភាគតិច ដែលពួកគាត់ឡើងមករៀននៅទីក្រុងភ្នំពេញមិនថាជានិស្សិតស្នាក់នៅស៊ីយ៉ា​ឬស្នាក់នៅក្រៅទេ ហើយបង្កើតទៅជាកម្មវិធីអាហាសាមគ្គី កម្មវិធីជួប ជុំសមាជិកប្រចាំឆ្នាំ ទាំងអស់នេះបានធ្វើឱ្យយុវជនជន ជាតិដើមភាគតិចដែលមករៀននៅទីក្រុងភ្នំពេញ ដែលរស់នៅឆ្ងាយពីគ្រួសារពីស្រុកកំណើត ពួកគេចេះសាម- គ្គីគ្នា និងផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក។

ចំណុចរបត់របស់ស្រីវី បានកើតឡើងនៅពេលដែលស្រីវីបានចូលរួមវគ្គបណ្តុះបណ្តាលធ្វើជាវិធីករ ហើយ វាបានបង្រៀនឱ្យស្រីវីនូវបទពិសោធន៌ល្អៗ ការផ្លាស់ប្តូរសំខាន់ៗ ជាពិសេសបានដាស់នូវស្មារតីបន្ថែមទៀតសម្រាប់ស្រីវីឱ្យយល់ពីតម្លៃនៃជនជាតិដើមភាគតិចកាន់តែច្បាស់ និងចេះគិតគូរពីជនជាតិដើមភាគតិចកាន់តែខ្លាំងឡើង។ ស្រីវី បញ្ជាក់ថា កាលមករៀននៅភ្នំពេញ នាងមិនបានដាក់ពាក្យសុំស្នាក់នៅស៊ីយ៉ាទេ ដោយសារទទួលបានអាហារូបករណ៍ស្នាក់នៅជាមួយអង្គការអប់រំច្បាប់សម្រាប់ស្ដី្រកម្ពុជា ដែលជាអង្គការផ្តល់អាហារូបករណ៍ស្នាក់នៅឥតបង់ថ្លៃសម្រាប់សិស្សនិស្សិតស្រីៗ ជាពិសេសជនជាតិដើមភាគតិច។

សកម្មភាពចូលរួមចែករំលែកបទពិសោធន៍អំពីអ្នកបន្តវេនជនជាតិដើមភាគតិចដល់សមាជិកស៊ីយ៉ានៅភ្នំពេញ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦

ស្រីវីចាប់ផ្តើមមើលឃើញពីការផ្លាស់ប្តូរខ្លួនឯង កើតឡើងនៅពេលស្រីវីបានស្គាល់អំពីគុណតម្លៃរបស់ខ្លួនឯង គុណតម្លៃសហគមន៍ និងយល់ដឹងពីបរិបទសង្គមទូទៅដែលនៅជុំវិញខ្លួន ជាពិសេសគឺបានផ្លាស់ប្តូរនៅពេលស្រីវីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ស្រីវីបានលើកឡើងថា ការគាំទ្ររបស់ស៊ីយ៉ាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែជាបណ្តុំនៃយុវជនជនជាតិដើមភាគតិចដែលពួកគាត់កំពុងត្រូវការចំណេះដឹង បទពិសោធន៌ ហើយស៊ីយ៉ាបានជួយឱ្យយុវជនអាច មកបន្តការសិក្សានៅទីក្រុងភ្នំពេញតាមក្ដីស្រមៃរបស់ពួកគេ ដោយបានផ្ដល់ជាកន្លែងស្នាក់នៅជាអាហារូប- ករណ៍តាមសាលាមួយចំនួន។ ម្យ៉ាងទៀត ស៊ីយ៉ាបានផ្តល់ឱកាសសម្រាប់យុវជន ដែលពួកគាត់អាច យកចំណេះដឹង បទពិសោធន៌ធ្វើការជាមួយស៊ីយ៉ាបានទៅ ធ្វើការផ្សេងៗ និងយកទៅជួយសហគមន៍របស់ខ្លួនទៅតាមចំណេះជំនាញរបស់ខ្លួន។ ស្រីវីបានសង្កត់ធ្ងន់ថា ស៊ីយ៉ាបានដើរតួនាទីយ៉ាងសំខាន់ ដែលបានជម្រុញឱ្យយុវជន ជាពិសេសយុវតីជ​នជាតិដើម ភាគតិច កាត់បន្ថយការរៀបការនៅវ័យក្មេង ដែលពួកគាត់បានមកស្នាក់នៅស៊ីយ៉ា ដោយផ្តោតលើការសិក្សាថ្នាក់ឧត្ដមសិក្សា និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យល្អប្រសើរ។

៤. ឥទ្ធិពល នឹងចក្ខុវិស័យនាពេលអនាគត

ស្រីវីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញ នីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីឆ្នាំ២០២៤ ដោយជោគជ័យ។ សព្វថ្ងៃនេះ ស្រីវីកំពុងបម្រើការងារជាបុគ្គលិក នៅអង្គការក្រៅរដ្ឋាភិបាលមួយកន្លែងនៅរាជធានីភ្នំពេញ។

កញ្ញា ស្រីវី មានទស្សនៈវិស័យនាពេលអនាគត ចង់ឃើញយុវជនជនជាតិដើមភាគតិចបានពង្រឹងវិស័យអប់រំឱ្យកាន់តែខ្លាំង ជាពិសេសជាមួយនិងភាសាបរទេស ព្រោះវាមានសារៈសំខាន់ខ្លាំង ដោយនៅស៊ីយ៉ាយើងអាចមានឱកាសទៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៌ ចំណេះដឹងថ្មីៗ។ មួយវិញទៀតចង់ឱ្យយុវជនមានភាពក្លាហ៊ាន ជឿជាក់លើសមត្ថភាពរបស់ខ្លួន ដោយយុវជនអាចចាប់ផ្ដើមតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ចូលរួមឱ្យសកម្មនៅក្នុងការងារសហគមន៍ និងសង្គម។ បន្ថែមពីនេះស្រីវី ចង់ឃើញនិស្សិតជនជាតិដើមភាគតិចក្រោយពេលរៀនចប់ បានយកសមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួនទៅជួយសហគមន៍ និងស្របជាមួយទស្សនៈវិស័យរបស់ស៊ីយ៉ាថា ដាំនៅស៊ីយ៉ា ផ្លែផ្កានៅសហគមន៍។

សកម្មភាពចូលរួមជាមួយយុវជនកម្ពុជា និងដៃគូអភិវឌ្ឍ។

ទាញយកអត្តបទ ជាPDF នៅទីនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *