info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

ដំណើរផ្លាស់ប្តូររបស់យុវជនពីកូនកសិករក្លាយទៅជា អ្នកសិក្សាប្លង់ ស្ថាបត្យកម្មឯករាជ្យ របស់សហគមន៍ជនជាតិដើម

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក

លោក ផ្លាន សុខជា ជាយុវជនជនជាតិដើមភាគតិចទំពួន មានអាយុ២៤ឆ្នាំ មានដើមកំណើតមកពីដែនដីនៃភូមិភាគឦសានខេត្តរតនគិរី។ បច្ចុប្បន្ន លោកប្រកបមុខរបរជាអ្នកឯករាជ្យ ហើយលោកទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញស្ថាបត្យកម្ម និងនគរោបនីវិទ្យា ពីសាកលវិទ្យាល័យន័រតុន កាលពីឆ្នាំ២០២៤ នាពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា លោកក៏ជាសមាជិកស្នូល និងជាអតីតអ្នកតំណាងបណ្តាញសមាជិកយុវជនប្រចាំខេត្ដរតនគិរី នៃសមាគមយុវជនជន ជាតិដើមភាគតិចកម្ពុជា កាលលោកនៅរៀនវិទ្យាល័យ។

សុខជា បានកើត និងធំឡើងក្នុងគ្រួសារកសិករ ដែលឪពុកម្តាយជាជនជាតិដើមភាគតិច រស់នៅដោយពឹងផ្អែកលើការធ្វើស្រែចម្ការនៅតំបន់ដាច់ស្រយាលមួយ។ ការរស់នៅពោរពេញទៅដោយភាពលំបាក ប៉ុន្តែវាក៏ជាមូលហេតុធ្វើឱ្យយុវជនម្នាក់នេះកើតមានក្តីប្រាថ្នាខ្លាំងក្នុងការសិក្សា ដើម្បីផ្លាស់ប្តូរជីវិតខ្លួនឯង និងជួយដល់គ្រួសារ។

បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សានៅឆ្នាំ២០១៤ សុខជា បានបន្តការសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ នៃខេត្តរតនគិរី។ ដោយសារជីវភាពគ្រួសារមិនសូវធូធារ ការរៀននៅវិទ្យាល័យក្លាយជាបន្ទុកធ្ងន់មួយ ដែលបង្ខំឱ្យលោកត្រូវ “រៀនផង ធ្វើការផង” ដើម្បីគាំទ្រការចំណាយផ្ទាល់ខ្លួន។ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាង៦ឆ្នាំ លោកបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ កំឡុងឆ្នាំ២០២០។

ចូលរួមក្នុងសកម្មភាពការចែករំលែកអំពីអាហារូបការណ៍របស់កម្មវិធីអាហារូបករណ៍អូស្រ្តាលីនៅភ្នំពេញ។

ក្រោយបញ្ចប់វិទ្យាល័យ សុខជាមានក្តីស្រមៃធំមួយ គឺចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ។ ប៉ុន្តែនៅ ពេលមកដល់ទីក្រុង លោកបានប្រឈម មុខនិងបញ្ហាជាច្រើនទៀត ការខ្វះថវិកាសម្រាប់ការសិក្សា ការមិនស្គាល់បរិបទនៃការរស់នៅទីក្រុង និងជាពិសេសការមិនមានប្រាក់សម្រាប់ជួលកន្លែងស្នាក់នៅសម្រាប់យុវជនជនជាតិដើមភាគតិច ដូចជារូបលោក ដែលមកពីជនបទនេះជាការប្រឈមដ៏ធំមួយ។

២. ការគាំទ្រពី ស.យ.ជ.ក

ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២១ សុខជាបានទទួលឱកាសដ៏មានន័យមួយ គឺការទទួលបានអាហារូបករណ៍ស្នាក់នៅរោងយុវជនជនជាតិដើមភាគតិចនៅរាជធានីភ្នំពេញឬផ្ទះសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ ហើយចាប់តាំងពីថ្ងៃដំបូងដែលមកដល់ មានសិស្សច្បងចាំទទួល ស្វាគមន៍ និងណែនាំគ្រប់ជំហានទាំងការរស់នៅ និងការស្វែងរកសាលារៀន។

ការស្នាក់នៅផ្ទះ CIYA មិនមែនជាការផ្តល់តែជម្រកប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលសុខជាបានរៀនសូត្រពីអ្វីដែលថ្មីៗជាច្រើន នូវវគ្គបណ្តុះបណ្តាលខ្លីៗអំពីជំនាញប្រាស្រ័យទាក់ទង អាកប្បកិរិយារស់នៅក្នុងសង្គម ការចែករំលែកចំណេះដឹង ការជួយគ្នាទៅវិញទៅមក ព្រមទាំងការផ្តល់នូវសម្ភារៈ ម្ហូបអាហារ និងតម្លៃនៃសិលធម៌ក្នុងការរស់នៅជាសហគមន៍។ ទោះបីជាមានការលំបាក និងការព្រួយបារម្ភពីគ្រួសារក៏ដោយ សុខជាបានសម្រេចជ្រើសរើសផ្លូវផ្លាស់ប្តូរនេះ។ លោកក្លាយជាយុវជនដំបូងគេម្នាក់មកពីសហគមន៍ភូមិល្អឺនជង ឃុំអូជុំ ស្រុកអូជុំ ខេត្តរតនគិរី ដែលហ៊ានឡើងមកបន្តការសិក្សា និងស្នាក់នៅភ្នំពេញ។ លោកបានស្នាក់នៅផ្ទះ CIYA អស់រយៈពេល៣ឆ្នាំ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

សកម្មភាពចែករំលែកពីការគូរគំនូរ ដល់សមាជិកស៊ីយ៉ា នៅភ្នំពេញ។ [ រូបភាព៖ យុវជន ស.យ.ជ.ក ឆ្នាំ២០២៥]

៣. ការផ្លាស់ប្តូរបស់និស្សិត

ការរស់នៅជាមួយនិស្សិតមកពីជនជាតិដើមភាគតិចផ្សេងៗ បានបើកទ្វារចំណេះដឹងថ្មីៗសម្រាប់សុខជា។ លោកបានស្វែងយល់អំពីភាសា អត្តសញ្ញាណ និងបទពិសោធន៍ជីវិតរបស់ជនជាតិដើមនីមួយៗតាមរយៈការ ចែករំលែក និងការរៀនពីគ្នាទៅវិញទៅមក។

សម្រាប់សុខជា CIYA មានតួនាទីសំខាន់យ៉ាងខ្លាំង ក្នុងការជួយយុវជនជនជាតិដើមភាគតិច ដែលមានជីវភាពខ្វះខាត ដើម្បីអាចបន្តការសិក្សានៅសាកលវិទ្យាល័យ។ CIYA មិនត្រឹមតែសម្រាលបន្ទុកគ្រួសារទេ ប៉ុន្តែថែមទាំងកសាងសមត្ថភាព បណ្តុះបណ្តាល និងបង្កើតយុវជនដែលអាចចេញជាផ្លែផ្កាដែលគួរឱ្យ កត់សម្គាល់សម្រាប់សហគមន៍។

ការគាំទ្រនេះ បានជួយឱ្យសុខជាយកឈ្នះលើឧប-សគ្គ អត់ធ្មត់ ខិតខំប្រឹងប្រែង និងបង្កើតគំនិតឱ្យតម្លៃ សហគមន៍។ ការស្នាក់នៅCIYA បានធ្វើឱ្យលោកបានយល់ដឹងកាន់តែច្បាស់ អំពីតម្លៃវប្បធម៌ជនជាតិដើម និងមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន។ ដូចពាក្យស្លោកមួយរបស់ CIYA ដែលនិយាយថា “ដាំនៅស៊ីយ៉ា ផ្លែផ្កានៅសហគមន៍”។

៤. ចក្ខុវិស័យពេលអនាគត

សម្រាប់បច្ចុប្បន្ន និងអនាគត សុខជាប្តេជ្ញាប្រើប្រាស់ ជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា របស់ខ្លួន ជាការតបស្នងដល់ការគាំទ្រដែលខ្លួនធ្លាប់បានទទួលពីសមាគម និងមនុស្សជុំវិញខ្លួន។ សម្រាប់សុខជា ការវិលត្រឡប់ទៅជួយសហគមន៍ គឺដូចជាការជួយគ្រួសារធំមួយ ព្រោះសហគមន៍ប្រៀបដូចជាផ្ទះធំរបស់យើងទាំងអស់គ្នា។

លោកជឿជាក់ថា បើចង់ឱ្យភូមិ សហគមន៍ និងប្រទេសជាតិរីកចម្រើន ត្រូវការសាមគ្គីភាព និងការចូលរួមពីយុវជនដែលមានសក្ដានុពល។ ដូច្នេះ លោកមានបំណងយកជំនាញរបស់ខ្លួនទៅប្រើប្រាស់នៅក្នុងសហគមន៍ ជំរុញផ្នែកអប់រំ និងការចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច សម្រាប់អនាគតដ៏រឹងមាំ និងមានសុភមង្គល។

ទាញយកអត្តបទជា PDF ទីនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *