ជីវប្រវត្តិតស៊ូ និងការផ្លាស់ប្តូររបស់យុវជនជនជាតិគ្រឹង បានបញ្ចប់វគ្គសិស្សមន្ត្រី ក្រមការ ឆ្នាំ២០២០។
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក
លោក ង៉ាន់ កាបិល មានអាយុ ៣១ ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង និងជាសមាជិកស.យ.ជ.ក មកពីទឹកដីភាគឦសាន នៃខេត្តរតនគិរី ក្នុងភូមិក្រឡា ឃុំ ប៉ូយ ស្រុកអូរជុំ។ លោក ង៉ាន់ កាបិល បានកើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត ហើយមានបងប្អូនសរុបបួននាក់ លោកគឺជាកូនទីពីក្នុងគ្រួសារ។ លោកបានរៀន និងបញ្ចប់ថ្នាក់ទី១២នៅវិទ្យាល័យអន្តេវាសិកដ្ឋានក្រុងបានលុង នៅក្នុងឆ្នាំ២០១៤។
ពេលមកដល់ទីក្រុងភ្នំពេញ លោកបានក្លាយជាមនុស្សឯកកោរ ខ្វះទីពឹង គឺមានតែពឹងលើខ្លួនឯង ដោយសារមិនស្គាល់ពីភូមិសាស្រ្ត របៀបរបបនៃការរស់នៅក្នុងទីក្រុង ហើយក៏មិនមានការណែនាំ ការបង្ហាត់បង្ហាញរបៀបនៃការធ្វើដំណើរ ការស្នាក់នៅផ្ទះជួល និងការរៀនសូត្រ នៅរាជធានីភ្នំពេញជាដើម ដែលផ្តល់ផលលំបាកជាខ្លាំងសម្រាប់ លោក នៅពេលនោះ។ ក្រៅពីនោះ ជីវិតរបស់លោក ពោរពេញទៅដោយការតស៊ូ ដើម្បីបំពេញពីគោលបំណង គឺធ្វើយ៉ាងណារៀនឱ្យចប់ថ្នាក់បរិញ្ញាបត្រ និងមានការងារធ្វើសមរម អាចមានលទ្ធភាពជួយខ្លួនឯងបាន គ្រួសារ និងសង្គមជាតិ។ ដោយសារជីវភាពខ្វះខាត លោកបានស្វែងរកការងារធ្វើជាអ្នករត់តុ ពិធីការ តាមកម្មវិធីពេលយប់ ដើម្បីមានថវិកាទ្រទ្រង់ការសិក្សា និងចាយវាយរបស់លោក ប្រចាំថ្ងៃ។

បន្ទាប់មក នៅចុងឆ្នាំទី២ លោកបានប្តូរទៅធ្វើជាអ្នករត់តុក ក្នុងហាងសាច់អាំងមួយកន្លែង វេនពេលយប់រយៈពេលបាន ១ខែ ដោយសារហត់ពេក និងត្រូវក្រោកទៅរៀនវេនព្រឹកវិញ ការសម្រាកមិនបានគ្រប់គ្រាន់ លោកសម្រេចចិត្ត ឈប់ធ្វើការនៅទីនោះ។ លោកបានស្វែង រកការងារកន្លែងផ្សេង ដោយធ្វើការនៅក្នុង ហាងកាហ្វេប្រេនមួយកន្លែង ហើយលោកបានប្តូរវេនសិក្សាពីវេនព្រឹក ទៅវេនយប់វិញ ហើយធ្វើការបានរយៈពេលជាង ៦ខែ ក៏លោកសម្រេចចិត្តសុំឈប់ ដោយបានធ្វើជាអ្នកកាន់ស្តុក នៅក្រុមហ៊ុនឯកជនមួយកន្លែង បានរយៈពេលជិត ១ឆ្នាំ លោកក៏បានសម្រេចចិត្តសុំសម្រាក ដោយសារចង់ ផ្តោតលើការរៀនសូត្រ។
ការសម្រេចចិត្តរបស់លោកនៅពេលនោះ គឺវាមិនបានសម្រេចទៅតាមអ្វីដែលលោកចង់បាននោះទេ គឺដោយសារតែ អត់មានថវិកាក្នុងការផ្គត់ផ្គង់ និងចាយវាយគ្រប់គ្រាន់ លោកក៏សុំធ្វើការនៅក្នុង ហាងកាហ្វេដដែល រហូតដល់ចប់ឆ្នាំទី៣ ទើបធ្វើការជាអ្នកស្ម័គ្រចិត្តពេញម៉ោង ជាមួយក្រុមហ៊ុនមេធាវី R&L ។
២. ទទួលបានការគាំទ្រពី ស.យ.ជ.ក
លុះដល់ឆ្នាំ២០១៨ បន្ទាប់មកខ្ញុំបានស្នាក់នៅស៊ីយ៉ា ពេលរៀនចប់បរិញ្ញាបត្ររួច។ ជាការពិត ដំបូងឡើយ លោកធ្លាប់បានភ្ជាប់ទំនាក់ទំនងជាមួយឬស្គាល់ CIYA ជាលើកដំបូង ដោយធ្លាប់លឺ និងស្គាល់សមាជិក ស៊ីយ៉ា តាំងពីនៅខេត្តរតនគិរីមកម្លេះ ប៉ុន្តែលោកមិនទាន់ក្លាយជាសមាជិកនៅឡើយទេ។ ត្រលប់មកវិញ ថ្ងៃមួយ និងជាពេលវេលាដែលលោកមិនធ្លាប់ស្គាល់ពីមុន លោកបានចាប់ផ្តើមស្គាល់ពី CIYA គឺនៅពេលទៅចូលរួមជាមួយបងប្រុស និងរៀមច្បងផ្សេងៗទៀត ដែលបាននាំលោកទៅចូលរួមក្នុងកម្មវិធីអាហារសាមគ្គីដែលជាពេលវេលានៃការជួបជុំសមាជិក CIYA ប្រចាំ៣ខែម្តង ពេលនោះ លោកក៏ចាប់ផ្តើមភ្ជាប់ទំនាក់ទំនងចូលជាសមាជិក និងមានភាពសកម្ម តាំងពីពេលនោះមករហូតមកដល់បច្ចប្បន្ន។ តាមរយៈកម្មវិធីអាហារសាមគ្គីនេះផងដែរ គឺមានការបង្កើនទំនាក់ទំនងល្អ ការសួរសុខទុក្ខក៏ជាពេលដែលខ្លួនលោក ចាប់ផ្តើមមានអារម្មណ៍ថា យើងរស់នៅភ្នំពេញវាមិនឯកោនោះទេ គឺមានបងប្អូនជនជាតិដើមយើងច្រើនផ្សេងទៀត ដែលកំពុងស្នាក់នៅផ្ទះស៊ីយ៉ា។ លោកក៏ទទួលបានការណែនាំ អប់រំ លើកទឹកចិត្តហើយ បានធ្វើការពិគ្រោះយោបល់ជាមួយរៀមច្បង ការបណ្តុះបណ្តាលខ្លីៗ ការផ្តល់ឱកាសចូលរួមការងារស្ម័គ្រចិត្ត ជាមួយអង្គការដៃគូរ និងសហគមន៍ផ្សេងៗ។ ស៊ីយ៉ាមានសារៈសំខាន់ និងជាចំណុចចាប់ផ្តើមដំបូងកន្លែងស្នាក់នៅ និងណែនាំសម្រាប់សិស្សានុសិស្សជនជាតិដើមភាគតិច ដែលចង់បន្តថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ។

៣. ការផ្លាស់ប្តូររបស់និស្សិត
ដោយសារតែការខិតខំប្រឹងប្រែង តស៊ូរៀនសូត្ររបស់លោក អំឡុងពេលរស់នៅដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួនរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យវេស្ទើន កាលពីឆ្នាំ២០១៨ ដោយជោគជ័យ ហើយបន្ទាប់មកទៀត លោកក៏បានជាប់ជាសិស្សមន្ត្រីក្រមការនៅសាលាភូមិន្ទរដ្ឋបាលកាលពីដើមឆ្នាំ២០១៩ ហើយនិងបានបញ្ចប់វគ្គសិក្សមន្ត្រី ក្រមការជាស្ថាពរកាលពីឆ្នាំ២០២០ផងដែរ។ ជាការពិតណាស់មិនអាចប្រកែកបានចំពោះសមិទ្ធិផលដែលកើតចេញពីឆន្ទះ ការខិតខំប្រឹងប្រែង ការលះបង់ក្នុងភាពជាយុវវ័យ ការមិនចំណាយថវិកាខ្ជះខ្ជាយ ការមិនបណ្តោយពេលវេលា និងមិនបោះបង់ វាគឺជាមូលដ្ឋានគ្រឹះ ដែលជួយចម្លងលោកឱ្យឆ្ពោះទៅចំណុចមួយដែលយុវជន យើង ភាគច្រើនកំពុងប្រាថ្នាចង់បាន (ជាសិស្សមន្ត្រីក្រមការ) មិនតែប៉ុណ្ណោះទេ សព្វថ្ងៃនេះលោកក៏បានក្លាយជាមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តរតនគិរី។
៤. ឥទ្ធិពលនឹងចក្ខុវិស័យនាពេលអនាគត
លោកមានគម្រោងទៅថ្ងៃអនាគត គឺចង់ឃើញនៅតាមសហគមន៍ដែលផ្តោតលើយុវជន ជំនាន់ក្រោយ ដោយលោកនឹងបន្តណែនាំ លើកទឹកចិត្ត និងបង្ហាញ ដល់យុវជន ឱ្យពួកគាត់បានរៀនសូត្រ បានបន្តថ្នាក់បរិញ្ញាបត្រ ឬរៀនជំនាញផ្សេងៗ ដើម្បីមានការងារ ឬមុខរបរច្បាស់លាស់។ បច្ចុប្បន្នលោកក៏ជាអ្នកថតរូបភាព និងផលិតវីដេអូផ្សព្វផ្សាយខ្លីៗអំពីវប្បធម៌ អត្តសញ្ញាណជនជាតិដើមភាគតិច នៅប្រចាំខេត្តរតនគិរីផងដែរ ដើម្បីគេស្គាល់ជនជាតិដើមភាគតិច និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម និងផ្សព្វផ្សាយទៅកាន់ពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយផងដែរ។ លោកបានលើកឡើង នឹងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយថា “យើងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់យើង ទោះបីធ្លាប់បរាជ័យត្រូវហ៊ានសាកល្បងម្តងហើយម្តងទៀត”។


