ទិវាជនជាតិដើមភាគតិច ឆ្នាំ២០២៦ នៅកម្ពុជា មិនមែនគ្រាន់តែជាព្រឹត្តិការណ៍អបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងជ្រាលជ្រៅអំពីការទទួលស្គាល់ ការគោរព ការចូលរួម សេចក្តីថ្លៃថ្នូរនៃវប្បធម៌ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសុខុមាលភាព និងការអភិវឌ្ឍរបស់ជនជាតិដើមភាគតិច។


យុវជន និងសហគមន៍ជនជាតិដើមភាគតិចបានបង្ហាញពីភាពរឹងមាំ និងសកម្មភាពរបស់ខ្លួនក្នុងការការពារអត្តសញ្ញាណ វប្បធម៌ ចំណេះដឹងប្រពៃណី ជីវភាពរស់នៅ និងធនធានធម្មជាតិ។ សំឡេង និងភាពជាអ្នកដឹកនាំរបស់ពួកគេបានបញ្ជាក់ថា យុវជនជនជាតិដើមភាគតិចមិនមែនគ្រាន់តែជាអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូ និងជាអ្នកដឹកនាំដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ជាក់ស្ដែង ការចូលរួម និងសាទរពីតំណាងជាន់ខ្ពស់នៃ សភានៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបរសាទរ ព្រមទាំងឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកបង្កើតមាតិកា បានផ្ញើសារដ៏មានអត្ថន័យថា ជនជាតិដើមភាគតិចគឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍសង្គម វប្បធម៌ និងជាតិរបស់កម្ពុជា នៅលើបណ្ដាញសង្គមអំឡុងថ្ងៃទិវា។

កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះជនជាតិដើមភាគតិចទាំងអស់ ដែលបានថែរក្សា និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងមរតកដ៏មានតម្លៃរបស់ខ្លួន។ អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងចម្រុះទាំងនេះ បានធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនច្បារដែលពោរពេញដោយពណ៌ចម្រុះ»។

លើសពីការរួមចំណែកផ្នែកវប្បធម៌ ជនជាតិដើមភាគតិចក៏បានបង្ហាញពីស្មារតីស្នេហាជាតិយ៉ាងរឹងមាំ តាមរយៈការចូលរួមការពារព្រំដែនកម្ពុជា និងការថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ។
ការប្រារព្ធព្រឹត្តិការណ៍នេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ឆ្នាំ២០០៩។ គោលនយោបាយនេះជាក្របខណ្ឌជាតិសំខាន់មួយសម្រាប់ការទទួលស្គាល់ និងគាំទ្រជនជាតិដើមភាគតិចនៅកម្ពុជា ដោយគ្របដណ្តប់លើអត្តសញ្ញាណ ការអប់រំ វប្បធម៌ សុខភាព ជីវភាពរស់នៅ ការអភិវឌ្ឍសហគមន៍ និងការចូលរួមរបស់ជនជាតិដើមភាគតិចក្នុងសង្គម។

ការប្រារព្ធទិវាជនជាតិដើមភាគតិចនៅទូទាំងប្រទេស ក៏ជាឱកាសដ៏ល្អសម្រាប់សហគមន៍ជនជាតិដើមភាគតិចបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន។ ពួកគេបានបង្ហាញពីការសម្តែងបែបប្រពៃណី របាំ ម្ហូបអាហារជនជាតិដើម សម្ភារៈប្រពៃណី សិប្បកម្ម ចម្រៀង និងផលិតផលព្រៃឈើដែលមិនមែនជាឈើ (NTFPs)។ ទាំងនេះមិនមែនគ្រាន់តែជាការតាំងបង្ហាញវប្បធម៌នោះទេ ប៉ុន្តែជាចំណេះដឹងរស់រវើក អត្តសញ្ញាណ ភាពធន់ និងការរួមចំណែករបស់សហគមន៍ជនជាតិដើមភាគតិចចំពោះបេតិកភណ្ឌវប្បធម៌ និងបរិស្ថានរបស់កម្ពុជា។
ទិវាជនជាតិដើមភាគតិច ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា នៅពេលដែលរាជរដ្ឋាភិបាល សហគមន៍ជនជាតិដើមភាគតិច យុវជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជារួមគ្នាធ្វើការ យើងអាចកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ធានាឱ្យមានការចូលរួមប្រកបដោយបរិយាបន្ន និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ជនជាតិដើមភាគតិចក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា។
កម្ពុជា គឺជាប្រទេសដែលអបអរសាទរភាពចម្រុះ ថែរក្សាវប្បធម៌ជនជាតិដើមភាគតិច គាំទ្រយុវជនជនជាតិដើមភាគតិច និងទទួលស្គាល់ជនជាតិដើមភាគតិចជាដៃគូស្មើភាពគ្នា ក្នុងការកសាងសង្គមមួយដែលមានសន្តិភាព បរិយាបន្ន និងចីរភាព។

ទិវាជនជាតិដើមភាគតិច ឆ្នាំ២០២៦៖ អបអរសាទរអត្តសញ្ញាណរបស់យើង ពង្រឹងការសាមគ្គីរបស់យើង និងកសាងអនាគតរួមរបស់យើងប្រកបដោយបរិយាបន្ន និងថ្លៃថ្លូរ។